វីរៈតារា​ បដិសេធ​វះ​កាត់​កែ​សម្ផស្ស​ និង​ប្រាប់​ពី​អាថ៌​កំបាំង​ថែរក្សា​សម្រស់​

  • 2018-03-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ក្នុង​កម្មវិធី​ "យុទ្ធនាការក្រមា១០០០ម៉ែត្រ បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភព​លោក" នៅ​វាល​ព្រះ​មេរុ ​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តារា​សម្ដែង​ជើង​ចាស់​ លោក​ស្រី​ វីរៈ​តារា​។​ អ្នកស្រី​មាន​ឈ្មោះ​បោះ​សំឡេង​​តាំង​ពី​ទសវត្សរ៍​ ទី​ ៦០​​ដោយសារ​មាន​ទេពកោសល្យ​ ហើយ​បាន​សម្ដែង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​អន​អើយ​ស្រី​អន រិទ្ធិ​សែន​នាង​កង្រី ​ និង​ សព្វសិទ្ធ​។

​ មក​ដល់​បច្ចុប្បន្ន​នេះ​ អ្នក​ស្រី​មាន​អាយុ​ ៧១​ឆ្នាំ​ តែ​​សម្រស់​ក្មេង​ជាង​វ័យនិង​សុខភាពរឹងមាំ​អ្នក​ស្រី​ នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ស្ងើច​សរសើរ​។​ នៅ​ក្នុង​បទ​សម្ភាសន៍​អ្នក​ស្រី​បាន​ទម្លាយ​ពី​វិធី​ថែរក្សា​សម្រស់​និងសុខភាពយ៉ាង​នេះ​ថា៖​" តាម​ពិត​ទៅ​ខ្ញុំ​ អត់​មាន​តិចនិក​អី​ពិសេស​នោះ​ទេ​ក្មួយ​។​ ខ្ញុំ​គ្រាន់​តែ​ចំណាយ​ពេល​ ១​ ម៉ោង​រៀងរាល់​ព្រឹក​ដើរ​លើ​ម៉ាស៊ីន​ ដើម្បី​ឲ្យ​សរសៃ​ឈាម​ដើរ​ស្រួល​ ​សម្រាក​​គ្រប់គ្រាន់​និង​ញ៉ាំ​អាហារ​​មាន​វីតាមីន។​" អ្នក​ស្រី​ បន្ថែម​ថា​ អាហារ​ដែល​អ្នក​ស្រី​ចូល​ចិត្ត​ខ្លាំង​ជាង​គេ​ គឺ​សម្ល​កកូរ​បន្លែ​គ្រប់​មុខ​។​

អ្នក​ស្រី​បាន​ឆ្លើយ​បដិសេធ​សំនួរ​ទាក់ទង​និង​ការ​វះកាត់​កែ​សម្ផស្ស​ថា​៖ " អត់​ទេ​ក្មួយ​ ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ទេ​ ខ្ញុំ​បណ្ដោយ​តាម​ធម្មជាតិ​ទាំង​អស់​ គ្រាន់​តែ​លាប​មុខមាត់​ប្រើ​ម្សៅ​ក្រែម​ធម្មតាពេល​ត្រូវ​ចូល​រួម​កម្មវិធី​ផ្សេងៗ​។​ "

ចុចអាន៖ផ្ទៃមុខ​ស​​រលោង​ស្អាត​ដូច​កូន​ក្មេង ដោយ​គ្រាន់​តែ​អនុវត្ត ៣ វិធី​ងាយៗនេះ

អត្ថបទ៖ Pencharm

អត្ថបទថ្មី