ចង់វះកាត់ថ្គាមឲ្យចេញមុខ Vនៅកូរ៉េ ត្រូវចំណាយអស់ប៉ុន្មាន ហើយមានដំណើរការអ្វីខ្លះ?
- 2018-01-12 01:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់វះកាត់ថ្គាមឲ្យចេញមុខ Vនៅកូរ៉េ ត្រូវចំណាយអស់ប៉ុន្មាន ហើយមានដំណើរការអ្វីខ្លះ?
ពេលចង់វះកាត់កែសម្ផស្សប្រទេសដែល យើងនឹកដល់មុនគេគឺប្រទេស កូរ៉េខាងត្បូង។ ជាក់ស្ដែងកូរ៉េខាងត្បូងជាប្រទេសដែលរីកដុះដាលនិងឈានមុខគេក្នុងវិស័យកែសម្ផស្សនេះជាខ្លាំង ដោយក្នុងចំណោម ប្រជាជនកូរ៉េ១០០០នាក់ មាន ២០០នាក់ ហើយដែលធ្លាប់ឆ្លងកាត់មុខកាំបិត។ ការវះកាត់ពេញនិយមបំផុតគឺការវះកាត់ថ្គាមឲ្យចេញទម្រង់មុខ V នេះតែម្ដង។ តែមានមនុស្សមិនច្រើនទេ ដែលដឹងពីតម្លៃនៃការវះកាត់នេះ ហើយមានដំណើរការអ្វីខ្លះ ស្រួលត្រៀមខ្លួន។
ជាទូទៅការចំណាយលើការវះកាត់ថ្គាមឲ្យចេញទម្រង់មុខ V មានតម្លៃ សរុបចាប់ពី 4,500,000 វ៉ុន ស្មើនឹង 4,200 ដុល្លារអាមេរិក ជាមួយនឹងដំណើរការចែកចេញជាបីដូចជា៖
១. មុនពេលធ្វើការសម្រេចចិត្ត
ដំបូងគឺ ត្រូវជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យខាងកែសម្ផស្សជាមុនសិនហើយបន្ទាប់មក ទើបធ្វើការសម្រេចចិត្តលើកទីមួយ។ ក្រោយពេលសម្រេចចិត្តលើកទីមួយរួច គេនិងបញ្ជូនទៅ ពិនិត្យទូទៅ ដូចជា សម្ពាធឈាម, ការធ្វើតេស្តឈាម និង ស្កេនឆ្អឹង។ បន្ទាប់ពីលទ្ធផលតេស្តអ្នកនឹងត្រូវទៅជួបគ្រូពេទ្យជាថ្មីម្ដងទៀត ដើម្បីដឹងលទ្ធផលក៏ដូចជាការសម្រេចចិត្តចុងក្រោយសម្រាប់ធ្វើការវះកាត់។
២. កំឡុងពេលវះកាត់
ជាទូទៅប្រតិបត្តិការវះកាត់ឆ្អឹងថ្គាមនេះត្រូវការជំនួយការពេទ្យ 4-6 នាក់, គ្រូពេទ្យឯកទេសខាងថ្នាំ Anaesthesist ម្នាក់និង គ្រូពេទ្យវះកាត់ម្នាក់។ ការវះទៀតសោតគឺវះពីខាងក្នុងមាត់ ដើម្បីកុំឲ្យមានស្លាកស្នាមនៅពេលជា។ បន្ទាប់ពីការវះកាត់អ្នកជំងឺត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលមួយថ្ងៃដើម្បីតាមដាន ហើយនៅថ្ងៃទីពីរអាចត្រលប់ទៅសណ្ឋាគារវិញបានហើយ។
៣. ក្រោយពេលវះកាត់
អ្នកជំងឺត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាថា ត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលជាទៀងទាត់, ដើម្បីលាងរបួស។ ចំពោះអាហារញ៉ាំធម្មតា ហើយបន្ទាប់ពី បាន2 សប្ដាហ៍អ្នកនិងសង្កេតឃើញការជាផ្សះនៃមុខរបួស និងអាចដឹងលទ្ធផលហើយ។
បើយោងតាមលោកវេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សនិងវះកាត់ទូទៅម្នាក់ នៅមន្ទីរពេទ្យរដ្ឋ សុំមិនបញ្ចេញឈ្មោះបានផ្ដល់បទសម្ភាសន៍អំពីការប៉ះពាល់ពីការវះកាត់ឆ្អឹងថ្គាមថា៖ " ការវះកាត់ណាក៏មានផលប៉ះពាល់ដែរ តែបើយើងធ្វើតាមក្បូនត្រូវនិងស្អាតល្អ ផលប៉ះពាល់វាមានតិចជាង អាស្រ័យលើទឹកដៃគ្រូពេទ្យ។" លោកបានបន្ថែមទៀតថា "អ្វីដែលគួរឲ្យខ្លាចនិងបារម្ភនោះគឺដាច់សរសៃវិញ្ញាណបញ្ជានៅលើផ្ទៃមុខ ហើយក្រៅពីវះកាត់មានវិធីច្រើនទៀត ដូចជាដោយការចាក់ ប៉ុន្ដែវាប៉ះពាល់ខ្លាំងជាងវះកាត់ទៅទៀត។"
ចុចអាន៖តិចនិកថែរក្សាស្បែកមុខទាំង ៤ សម្រាប់ខែធ្លាក់ខ្យល់