វិធីបង្ការ និងបញ្ឈប់អាការពុលឡាន ពេលធ្វើដំណើរទៅឆ្ងាយ
- 2018-04-12 00:04:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបង្ការ និងបញ្ឈប់អាការពុលឡាន ពេលធ្វើដំណើរទៅឆ្ងាយ
នៅរដូវកាលចូលឆ្នាំខ្មែរនេះប្រជាជនភាគច្រើនធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ឬទៅស្រុកកំណើតជួបជុំគ្រួសារជាដើម។ ដោយសារតែខែបុណ្យទៀនទើបគ្រប់គ្នាឆ្លៀតឱកាសឈប់សម្រាកពីការងារដើម្បីធ្វើដំណើរតាមឡានទៅជួបជុំញាតិមិត្ត។ ទោះមិនស្រួលខ្លួនយ៉ាងណាក៏ត្រូវតែទៅ ហើយពេលខ្លះស្ថានភាពផ្លូវទៅស្រុកមិនអំណោយផលទៀតនោះ ទើបធ្វើឲ្យអ្នកខ្លះមានអាការពុលឡានក្អួតចង្អោរ វិលមុខពិបាកក្នុងខ្លួនជាខ្លាំង។ នៅពេលពុលឡាន គឺធ្វើឲ្យដំណើរកម្សាន្តលែងសូវសប្បាយដូចការរំពឹងទុក។ ដូច្នេះខាងក្រោមនេះជាវិធីបញ្ឈប់និងបង្ការអាការពុលឡាន
១. ញ៉ាំអាហារមុនពេលឡើងឡាន
មិនត្រូវអត់អាហារដោយខ្លាចក្អួតនោះទេ។ គួរញ៉ាំអាហារមួយល្មម ដែលមានជីវជាតិនិងជាតិស្ករគ្រប់គ្រាន់ដូចជាញ៉ាំបាយជាដើម។ ជៀសវាងការផឹកគ្រឿងស្រវឹង និងញ៉ាំឆ្អែតជ្រុលពេក ឬមិនញ៉ាំអីសោះដែលជាហេតុធ្វើឲ្យមានអាការវិលមុខ ពុលឡាន។
២. ញ៉ាំថ្នាំពុលឡានមុនឡើងឡាន
ញ៉ាំថ្នាំពុលឡាន ៣០នាទីមុនចេញដំណើរអាចជួយទប់ស្កាត់កុំឲ្យពុលឡានបាន។ អ្នកអាចរកទិញថ្នាំនេះនៅឱសថស្ថាន ឱសថការី នឹងណែនាំពីរបៀបប្រើតាមវ័យ។
៣. កុំមើលទូរស័ព្ទពេលធ្វើដំណើរ
ការអោនចុចមើលទូរស័ព្ទពេលឡានកំពុងធ្វើចលនា នឹងធ្វើឲ្យអ្នកឈឺក្បាលវិលមុខចង់ក្អួត។ ដូចនេះអ្នកគួរមើលទៅក្រៅបង្អួច ហើយជៀសវាងអោនឈ្ងោកចុះអានសៀវភៅឬទូរស័ព្ទដែលធ្វើឲ្យពុលឡាន។
៤. ជ្រើសរើសកន្លែងអង្គុយ
សម្រាប់អ្នកឧស្សាហ៍មានអាការពុលឡាននេះរាល់ពេលធ្វើដំណើរគួរជ្រើសរើសកន្លែងអង្គុយខាងមុខឬក្បែរកញ្ចក់។ បើជិះឡានកៅអីទល់មុខគ្នា ជៀសវាងអង្គុយបែរមុខទៅក្រោយបញ្ច្រាសទិសដៅ ដែលធ្វើឲ្យពុលឡាន។
៥. បើកខ្យល់ឲ្យមានអុកស៊ីហ្សែនគ្រប់គ្រាន់
មូលហេតុដែលបង្កឲ្យមានអាការពុលឡានមួយទៀតគឺមកពីក្នុងឡានហប់ខ្យល់ ឬខ្វះអុកស៊ីហ្សែន។ ដូច្នេះអ្នកគូរបើកកញ្ចក់ឲ្យខ្យល់ចូលរហូតមានអារម្មណ៍ធូរស្រាលសិន សឹមបិតកញ្ចក់បន្តម៉ាស៊ីនត្រជាក់។ ជៀសវាងប្រើទឹកអប់ដាក់ឡាន ក្លិនខ្លាំងពេកព្រោះវានិងធ្វើឲ្យអ្នកកាន់តែចង់ក្អួតចង្អោរ។