អ្នក​​​​​មាន​គម្រោង​បើក​​ហាង​​កាហ្វេ​​ ត្រូវ​​ដឹង​ពី​ហានិភ័យ​ទាំង​នេះ​​សិន​

  • 2018-06-14 00:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​​ថ្ងៃ​នេះ​ហាង​​កាហ្វេ​ មាន​ការ​រីក​​ដុះដាល​​ជា​ច្រើន​កន្លែង​មិន​គួរ​ឲ្យ​ជឿ ​មិន​​ថា​ជា​ហាង​នៅ​ក្នុង​ស្រុក ហាង​ដែល​មាន​ឈ្មោះ​ល្បី​​​មក​ពី​បរទេស​​ ឬ​​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​នោះ​ទេ។​​ ភាគ​ច្រើន​វា​គឺ​​ជា​ក្តី​​ស្រមៃ​របស់​មនុស្ស​ម្នាក់ៗ ដែល​ចង់​ក្លាយ​ជា​ម្ចាស់​​ហាង​កាហ្វេ ព្រោះ​​​​កាហ្វេ​​មាន​អ្នក​ចូល​ចិត្ត​​​ផឹក​ច្រើន​​ជា​រៀង​រាល់​ថ្ងៃ។ យ៉ាង​​ណា​មិញ ​​សម្រាប់​អ្នក​​ដែល​មាន​គម្រោង ចង់​បើក​ហាង​កាហ្វេ ទោះ​បី​ជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក៏​ដោយ ​អ្នក​គួរ​ដឹង​ពី​ហានិភ័យ​ទាំង​នេះ​សិន ដើម្បី​​​​កុំ​ឲ្យ​ខក​ចិត្ត​ខ្លាំង នៅ​ពេល​ដែល​អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក។

១. ​ជីវិត​អ្នក​នឹង​ផ្លាស់​ប្តូរ​ទាំង​ស្រុង

​​​​សម្រាប់​អ្នក​ធ្វើ​ការ​គឺ​មាន​ពេល​​វេលា​​​​និង​​ថ្ងៃ​​​ឈប់​សម្រាក ប៉ុន្តែ​បើ​អ្នក​ក្លាយ​ជា​​ម្ចាស់​​ហាង​កាហ្វេ​​​វិញ​ អ្នក​ត្រូវ​រវល់​ពេញ​មួយ​ថ្ងៃ សូម្បី​​តែ​ពេល​បិទ​ហាង​ ក៏​ត្រូវ​នៅ​មាន​ការងារ​​ជា​ច្រើន​​ទៀត​​ ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ហើយ​និង​​រៀប​ចំ​​សម្រាប់​ថ្ងៃ​ស្អែក។ ពេល​មាន​បុណ្យទាន​ម្តងៗ អ្នក​មិន​​​អាច​ដើរ​ហើរ​​​​​ឲ្យ​ស្រលះ​ខ្លួន​នោះ​ទេ ព្រោះ​​​​ខ្លួន​ប្រាណ​នៅ​កន្លែង​​ដើរ​លេង ប៉ុន្តែ​ចិត្ត​​​​​បារម្ភ​នឹក​គិត​​ដល់​ហាង។

២. ត្រូវ​ការ​ចំណាយ​ច្រើន

​ពេល​ខ្លះ​អ្នក​​អាច​រង​សម្ពាធ​ច្រើន ដោយសារ​តែ​​របស់​របរ​ក្នុង​ហាង​ខូច ត្រូវ​ផ្លាស់​ប្តូរ​កែកុន​ជា​ថ្មី្ ហើយ​ត្រូវ​យក​ចិត្ត​​ទុក​ដាក់​ជាមួយ​​ផលិតផល និង​រិះ​រក​គំនិត​ថ្មីៗ សម្រាប់​​តម្រូវ​ការ​អតិថិជន។ ប្រសិន​បើ​អ្នក​នៅ​តែ​ធ្វើ​អ្វី​ដដែលៗ គ្មាន​ការ​Update ​នោះ​ដៃ​គូ​​ប្រកួត​ប្រជែង​នឹង​​អាច​ផ្ដួល​រំលំ​​អ្នក​នៅ​​ថ្ងៃ​ណា​មួយ​​មិន​ខាន​​ឡើយ។

៣. ត្រូវ​ប្រើ​​ទាំង​កម្លាំង​កាយ​និង​​កម្លាំង​ចិត្ត

អ្នក​មាន​​ដើមទុន​​គ្រប់គ្រាន់​សម្រាប់​​បើក​ហើយ លើស​​​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​ត្រូវ​មាន​​​ទាំង​កម្លាំង​កាយ​​​និង​កម្លាំង​ចិត្ត​ឲ្យ​បាន​ពេញ​លេញ ព្រោះ​អ្នក​ត្រូវ​​ងើប​ពី​ព្រលឹម​មក​បើក​ហាង ឈរ​រយៈ​ពេល​​​​យូរ មាន​រឿង​ជា​ច្រើន​ត្រូវ​​ជួប​ប្រទះនិង​ដោះ​ស្រាយ​ជារៀងរាល់​ថ្ងៃ។

៤. ទទួល​​​​នូវ​ការ​រិះ​គន់

អតិថិជន​មាន​ចិត្ត​ផ្សេងៗ​ខុស​ពី​គ្នា អ្នក​ខ្លះ​ចូល​ចិត្ត ខ្លះ​ទៀត​​មិន​ចូល​ចិត្ត ដូច្នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​​បាន​​​រួច​រាល់ ទទួល​នូវ​​​​ការ​​រិះគន់ ​មតិ​យោបល់ និង​គំនិត​​​ផ្សេងៗ​ពី​ភ្ញៀវ ទោះ​បី​ពេល​ខ្លះ​​អ្នក​មិន​អាច​ទទួល​យក​បាន ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវ​ទប់​អារម្មណ៍​សម្រប​ខ្លួន​​ទៅ​តាម​នឹង​ដែរ។

៥. ជួប​បញ្ហា​​លុយ​កាក់

មិន​​ប្រាកដ​ថា​​​គ្រាន់​តែ​បើក​ភ្លាម មាន​​មនុស្ស​​ច្រើន​កុះ​ករ​ចូល​មក​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​​ហាង​កាហ្វេ​សម្បូរ​​រីក​ដូច​ផ្សិត​​អីចឹង អ្នក​ត្រូវ​​ចំណាយ​​ពេល​យ៉ាង​​ហោច​ណាស់​​រាប់​ខែ​ទម្រាំ​មាន​ម៉ូយ និង​រាប់​​ឆ្នាំ​សម្រាប់​​ផល​ចំណេញ ព្រោះ​អ្នក​ត្រូវ​ចំណាយ​លើ​បុគ្គលិក ទឹក​និង​ភ្លើង ឬ​​ថ្លៃ​ឈ្នួល​ហាង​ជាដើម។​​​​​​​​​​

៦. ប្រឈម​ជាមួយ​នឹង​ការ​ជួប​មនុស្ស​ច្រើន​ប្រភេទ

អ្នក​ត្រូវ​​​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​បុគ្គលិក ព្រម​ទាំង​អតិថិជន​ ហើយ​អ្នក​ខ្លះ​មិន​មែន​ស្រួល​​និយាយ​គ្នា​​​ដូច​​ដែល​អ្នក​គិត​នោះ​ទេ។​ យ៉ាង​ណា​មិញ​​​អតិថិជន ប្រៀប​បាន​​ដូច​​ជា​ស្តេច ​ដូច្នេះ​​​​​វា​ទាម​ទារ​ឲ្យ​អ្នក​មាន​ការ​អត់​ធ្មត់​ខ្ពស់ មិន​ថា​ក្នុង​​កាលៈទេសៈ​បែប​ណា​នោះ​ទេ។

ចុចអានបន្ត៖

ប្រភព៖ dreamalatte ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម
អត្ថបទថ្មី