ក្រោយថត MV សិចស៊ី វណ្ណ វលក្ខណ៍ ត្រូវក្រសួងត្រៀមកោះហៅទៅអប់រំ
- 2018-06-21 22:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយថត MV សិចស៊ី វណ្ណ វលក្ខណ៍ ត្រូវក្រសួងត្រៀមកោះហៅទៅអប់រំ
តារាសិចស៊ី វណ្ណ វលក្ខណ៍ បានជួបរឿងស៊យមួយ ដោយត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមកោះអញ្ជើញ ដើម្បីអប់រំណែនាំ បន្ទាប់ពីបទចម្រៀង ”ស្រីមុខលុយ” ទទួលរងការរិះគន់ខ្លាំងពីទស្សនិកជន។ អ្នកដែលបានទស្សនាមួយចំនួនប្រដូចបទចម្រៀងនេះថា ជាការថតរឿងអាសអាភាសជាដើម។
ប្រសិនបើមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងវប្បធម៌មែននោះ នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរ និងវប្បធម៌ ប្រពៃណី ថែមទាំងប្រាសចាកអំពីការផលិតបែបសិល្បៈ៕
ទាក់ទងនឹងការត្រៀមកោះអញ្ជើញនេះ តារាសិចស៊ី វណ្ណ វលក្ខណ៍ មិនអាចសុំការបញ្ជាក់បានទេ ដោយទូរស័ព្ទនាងមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយលោក អ៊ុក រតនា អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម សាស្ដា បានចេញមកសុំទោស និងសន្យាបញ្ឈប់ការធ្វើវីដេអូបែបស្រើបស្រាលនេះតទៅទៀត។
អ្នកគ្រប់គ្រងរូបនេះ បានបង្ហាញការសោកស្ដាយបន្ទាប់ពីវីដេអូចម្រៀងនេះ រងការរិះគន់ខ្លាំងពីទស្សនិកជននាពេលថ្មីៗ។ លោកបញ្ជាក់ថា ការផលិតវីដេអូចម្រៀងរបស់ផលិតកម្មលោក គឺគ្មានចេតនាចង់បន្តុះបង្អាប់ និងទម្លាក់តម្លៃវប្បធម៌ប្រពៃណីខ្មែរទេ គឺធ្វើទៅតាមបរិបទសង្គមតែប៉ុណ្ណោះ។ លោកសន្យានឹងទទួលទោសតាមច្បាប់ប្រសិនបើផលិតកម្ម សាស្ដា របស់ខ្លួននៅតែបន្តផលិតវីដេអូចម្រៀងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរសង្គមជាតិម្ដងទៀត៕
ចុចអាន៖ប្រើទឹកលុយទិញបេះដូង តើអាចទៅរួចទេ?