អបអរសាទរ! ស្នាដៃកូនខ្មែរធ្វើនំ Cookie ច្នៃជារូបអង្គរវត្ត ក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម
- 2018-09-01 01:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ស្នាដៃកូនខ្មែរធ្វើនំ Cookie ច្នៃជារូបអង្គរវត្ត ក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម
ក្រុមការងារផ្លូវទៅស្រុកបានរៀបចំកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាការប្រកាសលទ្ធផលនិងពានរង្វាន់ "របរគេរបរយើង" ទៅកាន់ម្ចាស់អាជីវកម្មដែលជាស្នាដៃកូនខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកមិញនេះ។
ក្នុងនោះដែរ អ្នកស្រី លឹម លីម៉ា ជាសហគ្រិនស្រ្តីមួយរូប ក្នុងចំណោមសហគ្រិនដទៃទៀត ដែលទទួលបានពានរង្វាន់ស្រ្តីឆ្នើមផ្នែកអាជីវកម្មផលិតផលជាតិ។
អ្នកស្រី លីម៉ា វ័យ៤០ឆ្នាំមួយរូបនេះ មានគំនិតផលិតនំដុត ឬនំ Cookies ដោយធ្វើការច្នៃម៉ូដជារូបប្រាសាទអង្គរវត្ត ដើម្បីបញ្ជាក់ពីស្នាដៃខ្មែរ ឲ្យបរទេសបានដឹង ព្រមទាំងចង់ឲ្យបងប្អូនខ្មែរទាំងអស់ មានការគាំទ្រផងដែរ។ ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food បាននិយាយប្រាប់មកកាន់វិបសាយ កញ្ញា ទាំងសេចក្តីត្រេកអរថា "ខ្ញុំពិតជានឹកស្មានមិនដល់និងរំភើបខ្លាំងណាស់ ដែលថ្ងៃនេះខ្ញុំអាចទទួលបានពានរង្វាន់ ព្រោះដំបូងឡើយដោយសារតែជួបវិបត្តិលុយកាក់ ខ្ញុំក៏ទៅផលិតស្រាសលក់ធម្មតា បន្ទាប់មកក្នុងឆ្នាំ២០០៨ ខ្ញុំក៏បានរៀនពីរបៀបផលិតនំដុតពីជនជាតិអូស្រ្តាលីម្នាក់ ហើយធ្វើការច្នៃប្រឌិតរសជាតិបន្ថែមដោយខ្លួនឯង រហូតទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។”
លើសពីនេះទៅទៀត ក្រុមហ៊ុនរបស់អ្នកស្រី បានផ្តល់ឱកាសការងារជាច្រើនសម្រាប់បុគ្គលិកនារី រួមទាំងអ្នកគ្រប់គ្រងផងដែរ។ ក្តីស្រមៃសម្រាប់ទៅអនាគត សហគ្រិនស្រ្តីខ្មែរ លីម៉ា ចង់បង្កើតជារោងចក្រផលិតខ្នាតធំតែម្តង។
គួរបញ្ជាក់ដែរថា នំដុតអង្គររសជាតិប្លែកៗច្រើនប្រភេទ មិនត្រឹមតែមានការដាក់លក់នៅក្នុងផ្សារទំនើបធំៗប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅក្រៅប្រទេសដូចជា ចិន អ៊ីតាលី និងជប៉ុនផងដែរ។
ចុចអានបន្ត៖