មកដឹងមូលហេតុដែលទារិកាទម្ងន់ ៦,៨ គីឡូ ម្ដាយអាចកើតធម្មជាតិបាន
- 2018-09-06 02:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុដែលទារិកាទម្ងន់ ៦,៨ គីឡូ ម្ដាយអាចកើតធម្មជាតិបាន
ទារិកាម្នាក់ទម្ងន់ ៦.៨គីឡូ បានសម្រាលដោយសុវត្ថិភាពនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពត ថ្ងៃទី ៤ ខែ កញ្ញា កន្លងទៅថ្មីៗនេះ។ ទារិកានោះត្រូវបានគេដឹងថា មានឈ្មោះ លីដា ដែលសម្រាលដោយធម្មជាតិ និងជាកូនទី២ ក្នុងគ្រួសារ។ បើយោងតាមប្រភពនៅកន្លែងកើតហេតុ ដែលមានឈ្មោះក្នុង Facebook ថា Hunii Lika ដែលស្គាល់គ្រួសារទារិកាទម្ងន់ធ្ងន់ បាន ប្រាប់ កញ្ញា ថា ម្ដាយទារិកានោះចូលក្នុងបន្ទប់សម្រាលត្រឹមកន្លះម៉ោងប៉ុណ្ណោះ ក៏សម្រាលរួចរាល់ ក្រោមការជួយពីក្រុមគ្រូពេទ្យ ៥ នាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា ម្ដាយរបស់ទារិកាលីដា ជាស្ត្រីដែលមានមាឌធំគួរសម ដែលមានទម្ងន់ ប្រហែល៩០គីឡូក្រាម។
ជាធម្មតា ស្ត្រីដែលមានទម្ងន់ធ្ងន់បែបនេះច្រើនពិបាកក្នុងការសម្រាល ប៉ុន្តែអ្នកម្ដាយរួបនេះបែរជាកើតស្រូលទៅវិញ។ បើយោងតាមការបំភ្លឺពីអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពតសុំមិនបញ្ចេញឈ្មោះ ដែលនៅក្នុងហេតុការណ៍ បានឲ្យដឹងពីមូលហេតុដែលទារិកាខាងលើងាយស្រួលសម្រាល គឺដោយសារម្ដាយមានកម្ពស់ខ្ពស់។ អ្នកគ្រូពេទ្យមានប្រសាសន៍ថា៖ "ស្ត្រីខាងលើមានកម្ពស់ ១.៧០ ម៉ែត្រ និងមានទម្ងន់ ៩៥គីឡូ ដោយសារតែកម្ពស់ខ្ពស់នាំឲ្យអាងត្រគាកធំជាងអ្នកមានកម្ពស់ទាប ទើបធ្វើឲ្យទារិកាងាយកើត។ ម៉្យាងវិញទៀតគាត់ធ្លាប់មានកូនម្ដងរួចមកហើយ សម្រាលដោយធម្មជាតិដូចគ្នា ហើយមានទម្ងន់ ៤.៨ គីឡូក្រាម ទើបធ្វើឲ្យការសម្រាលលើកទី២ មានភាពងាយស្រួលបែបនេះ។" មួយវិញទៀតមុនពេលសម្រាល ១២ ថ្ងៃម្ដាយទារិកាបានទៅពិនិត្យសុខភាពនិងថ្លឹងឃើញថាទារិកាមានទម្ងន់ត្រឹមតែ ជាង៥គីឡូ ប៉ុណ្ណោះដែលគាត់គិតថាអាចកើតរួច ព្រោះកូនដំបូងក៏គីឡូធ្ងន់បែបនោះដែរ តែទាល់តែកើតចេញមកមានទម្ងន់ ៦.៨គីឡូ លើសពីការស្មាន។
អ្នកគ្រូពេទ្យបន្ថែមទាំងទងនឹងកត្តាដែលក្មេងនេះកើតមកថ្លោះខ្លាំងបែបនេះថា៖ "កត្តាដែលធ្វើឲ្យក្មេងធំបែបនេះគឺមិនបណ្ដាលមកពីរបបអាហាររបស់ម្ដាយទាំងស្រុងនោះទេ តែវាអាចបណ្ដាលមកពីហ្សែនរបស់ម្ដាយ ដោយសារគាត់ធ្លាប់មានកូនសុទ្ធតែធំៗបែបនេះ។ ជាក់ស្ដែងម្ដាយទារិកាបរិភោគរបបអាហារត្រឹមត្រូវតាមការណែនាំ និងពិនិត្យផ្ទៃពោះទៀងទាត់។"

អ្នកគ្រូបញ្ជាក់ថា ជាទូទៅក្មេងដែលកើតមកសុខភាពល្អធម្មតា គឺចាប់ពី ២.៥ ដល់ ៣.៨គីឡូ បើលើសគឺ ក្មេងអាចប្រឈមនឹងជំងឺទឹកនោមផ្អែមឬជំងឺបេះដូងជាដើម។ តែករណីទារិកាទម្ងន់ធ្ងន់នេះ ទាំងម្ដាយទាំងកូនមានសុខភាពល្អរឹងមាំ និងអាចត្រឡប់ទៅផ្ទះវិញ ៤-៥ ថ្ងៃក្រោយ៕