ធ្លាប់​​ជា​ជន​រង​គ្រោះ​ព្រោះ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត Nikki Nikki ប្រាប់​វិធី​ធ្វើ​ឱ្យ​ខ្លួន​រស់​ឡើង​វិញ

  • 2018-09-14 18:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រម្លឹក​ដល់​​ការ​ចូល​រួម​ក្នុង​កម្មវិធី​មួយ​ពាក់​ព័ន្ធ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ Nikki Nikki ដែល​ជា​តារា​ចម្រៀង​ POP និង​ជា​អ្នក​​និពន្ធ​​បទ​ចម្រៀង​ថ្មី​ផ្ទាល់​ខ្លួន បាន​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត​ពិត​ដែល​ធ្លាប់​ក្លាយ​ជា​ជន​រង​គ្រោះ​ព្រោះ​តែ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នេះ​។

រូបថត​ពី​ហ្វេសប៊ុក Nikki Nikki ថតដោយ Ah Sva Media
Nikki Nikki ​​មាន​ឈ្មោះ​ពិត សុជាតា បាន​រៀបរាប់​ថា នាង​បាន​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​តាំង​ពី​ឆ្នាំ​២០១៣​មក។ ស្ថិត​ក្នុង​ស្ថានភាព​ធ្លាក់​ទឹក​ចិត្ត នាង​បាន​ក្លាយ​ជា​មនុស្ស​ដែល​លែង​សូវ​មាត់​ក ស្រងូត​ស្រងាត់ ចាក់​សោ​ខ្លួន​ឯង​ក្នុង​បន្ទប់​រាល់​ថ្ងៃ និង​លែង​​ចង់​ញ៉ាំ​អី ហើយ​គីឡូ​ក៏​ធ្លាក់​ខ្លាំង នៅ​សល់​ត្រឹម​៣០ទៅ​៣៥​គីឡូ។

ម្ចាស់​បទ Home For Dinner ដែល​​​និពន្ធ​បទ​នេះ​ឡើង​ព្រោះ​តែ​រឿង​ធ្លាក់​ទឹក​ចិត្ត​នេះ​ផង បាន​ប្រាប់​បន្ត​ថា "ពេល​នោះ​ខ្ញុំ​យំ​ច្រើន មាន​រឿង​អី​ឆាប់​ប៉ះ​ពាល់​ផ្លូវ​ចិត្ត ហើយ​ពេល​យើង​យំ​យូរ យំ​ខ្លាំង វា​ធ្វើ​ឱ្យ​ឈឺ​ភ្នែក ឈឺ​ក្បាល ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន និយាយ​ទៅ​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ខ្លួន។"

ចុចអាន៖ កុំ​ឲ្យ​មាន​ជំងឺបាក់ទឹក​ចិត្ត​ទាំងអត់​ដឹង​ខ្លួន​ អ្នក​ត្រូវ​សង្កេត​ខ្លួន​ឯង​តាម​ចំណុច​ទាំង​នេះ

រូបថត​ពី​ហ្វេសប៊ុក Nikki Nikki ថតដោយ SNAPP

Nikki Nikki បន្ថែម​ទៀត​ថា ពេល​កើត​ជំងឺ​នេះ​ដំបូង នាង​បាន​​​ធ្វើ​អ្វីៗ​ដើម្បី​ឱ្យ​ខ្លួន​សប្បាយ​ឡើង​វិញ ដូច​ជា​ទៅ​ក្លឹប រាំ ផឹក និង​ដល់​ថ្នាក់​ជក់​ទៀត គ្រាន់​តែ​ជក់​ក្នុង​រយៈ​ខ្លី​ក៏​ផ្ដាច់​វិញ។ ប៉ុន្តែ​អ្វីៗ​ទាំង​នេះ​មិន​បាន​ជួយ​ដោះ​ស្រាយ​ឱ្យ​នាង​ធូរ​ស្បើយ​ឡើង​វិញ​ទេ។ "ពេល​ហ្នឹង​គឺ​យើង​ចេះ​តែ​សាក​ល្បង​អី​គ្រប់​បែប​យ៉ាង។ យើង​គិត​ថា​យើង​អាច​គេច​ចេញ​​ពី​ជំងឺ​ហ្នឹង​បាន បើ​សិន​ជា​យើង​សប្បាយ តែ​ការ​ពិត​ ខ្ញុំ​គិត​ខុស"។

តារា​ចម្រៀង​បទ​ Original រូប​នេះ​ក៏​ធ្លាប់​ឈាន​ទៅ​ដល់​ការ​ចង់​សម្លាប់​ខ្លួន ព្រោះ​តែ​អ្វីៗ​នៅ​តែ​ដោះ​ស្រាយ​មិន​បាន​ តែ​ដល់​ចំណុច​មួយ នាង​ក៏​គិត​ថា​ត្រូវ​តែ​ជួយ​ខ្លួន​ឯង ហើយ​ក៏​បាន​ចែក​រំលែក​វិធី​សាស្ត្រ​ដើម្បី​ឱ្យ​ខ្លួន​រស់​ឡើង​វិញ​ដូច​សព្វ​ថ្ងៃ​ដូចជា៖

  • រៀប​ចំ​គម្រោង​សម្រាប់​ខ្លួន​ឯង និង​ត្រលប់​ទៅ​ក្រុម​គ្រួសារ​វិញ
  • ចែក​រំលែក​រឿង​រ៉ាវ​ជាមួយ​មិត្តភ័ក្ដិ និង​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ
  • ហាត់​ប្រាណ ធ្វើ​ម្ហូប លាង​ចាន ឬ​ធ្វើ​អ្វី​ឱ្យ​ខ្លួន​ឯង​រវល់
  • ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង ហើយ​យំ​តែ​មួយ​ពេល​បាន​ហើយ
  • ព្យាយាម​ស្ដាប់​ចម្រៀង​ណា​សប្បាយៗ កុំ​ស្ដាប់​បទ​កម្សត់ ឬ​កើត​ទុក្ខ
  • កុំ​សម្រេច​ចិត្ត​ ឬ​វាយ​តម្លៃ​អ្វី​លឿន​ពេក​ ពេល​កំពុង​ពិបាក​ចិត្ត ឬ​កំពុង​ខឹង
  • កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក ត្រូវ​ប្រាប់​ខ្លួន​ណា​ថា "នរណា​ក៏​ធ្លាប់​បរាជ័យ​ដែរ មិន​មែន​តែ​យើង​ម្នាក់​ទេ"
  • កុំ​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ដែល​ស្អប់​យើង ត្រូវ​ឱ្យ​តម្លៃ​លើ​ជីវិត​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន។
រូបថត​ពី​ហ្វេសប៊ុក Nikki Nikki ថតដោយ SNAPP

តាម​រយៈ​អ្វី​ដែល​ Nikki Nikki បាន​ឆ្លង​កាត់ និង​ចែក​រំលែក​នេះ សង្ឃឹម​ថា​អ្នក​កំពុង​ជួប​រឿង​បាក់​ទឹក​ចិត្ត ឬ​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្លាក់​ទឹក​ចិត្ត​អាច​ពិចារណា និង​រៀន​សូត្រ​តាម​ចំណុច​ខាង​លើ​នេះ៕

ចុចអាន៖ ទម្លាប់ ៦​យ៉ាង​ជួយ​អ្នក​​យក​ឈ្នះ​ជំងឺ​បាក់ទឹកចិត្ត ហើយ​ត្រឡប់​មាន​ជីវិត​ល្អឡើង​វិញ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម
អត្ថបទថ្មី