លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រតិកម្មធ្ងន់ៗករណី ទេព បូព្រឹក្ស រងការប្រមាថ
- 2018-12-25 21:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រតិកម្មធ្ងន់ៗករណី ទេព បូព្រឹក្ស រងការប្រមាថ
លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រតិកម្មធ្ងន់ៗ និងលើកទឹកចិត្តឲ្យតារាចម្រៀង ទេព បូព្រឹក្ស ប្ដឹងទៅលើជនសង្ស័យរកយុត្តិធម៌ឲ្យបាន ក្នុងនោះក៏អាចប្ដឹងបន្តមកក្រសួងកិច្ចការនារីផង លើករណីដែលនាងរងការប្រមាថកាលពីយប់មិញ ដោយត្រូវបុរសម្នាក់គប់នឹងកំប៉ុងស្រាបៀ ពេលនាងកំពុងច្រៀងលើឆាក។
"បិទហាងនេះ ចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ទាមទារជំងឺចិត្ត សូមមេត្តាកុំយោគយល់ ហើយក៏អាចប្ដឹងមកក្រសួងកិច្ចការនារីបន្ថែមក៏បានដែរ។ នៅក្រសួងកិច្ចការនារីមានគណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ដែលសមាសភាពមានថ្នាក់ដឹកនាំស្ត្រីមកពីគ្រប់ក្រសួងស្ថាប័ន ក្នុងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស"។ លោក ជំទាវ ញ៉ែម មរកត បានលើកឡើង នៅក្នុងគ្រុបសមាគមសិល្បៈស្ម័គ្រចិត្ត។
ទេព បូព្រឹក្ស បានរងការប្រមាថមួយកាលពីយប់មិញ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង "សមុទ្រ" ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ភ្លាមៗ បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។
យ៉ាងណា មកដល់ព្រឹកថ្ងៃនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាពីភាគីបុរសបង្កហេតុ ដែលត្រូវបានគេសង្ស័យថាជាកូនប្រុសរបស់ម្ចាស់ហាង។ យ៉ាងនេះក្ដី ភាគីខាង ទេព បូព្រឹក្ស អះអាងថា នឹងមិនបញ្ចប់ករណីនេះឡើយ ប្រសិនបើភាគីម្ខាងទៀត មិនចេញមុខមកសុំទោសនាងជាសាធារណៈ ឬក៏កាយវិការណាមួយដែលធ្វើឲ្យនាងទទួលយកបានទេនោះ។ លោក ងួន ច័ន្ទដេវីត គូស្នេហ៍របស់ បូព្រឹក្ស ក៏បានបញ្ជាក់ភ្លាមនៅកន្លែងកើតហេតុជាមួយ TVFB ដែរថា លោកនឹងប្រើចំណាត់ការផ្លូវច្បាប់ដោយខានពុំបាន ប្រសិនបើភាគីបង្ក មិនព្រមទទួលខុសលើអ្វីដែលខ្លួនបានធ្វើ។
ជុំវិញករណីនេះដដែល លោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈស្ម័គ្រ បានអះអាងថា នឹងមិនឱបដៃឈរមើលករណីនេះឡើយ។ លោកបញ្ជាក់ថា សមាគម នឹងផ្ដល់មេធាវីជំនួយផ្លូវច្បាប់ ដល់ភាគីតារាចម្រៀងដែលរងការប្រមាថ ដើម្បីទាមទាររកយុត្តិធម៌ឲ្យបាន៕