មូលហេតុធំ ៣ ធ្វើឲ្យ Nikki Nikki ស្រលាញ់ Fashion បែបខ្លាំង!
- 2019-03-10 21:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុធំ ៣ ធ្វើឲ្យ Nikki Nikki ស្រលាញ់ Fashion បែបខ្លាំង!
តារាចម្រៀង Original Nikki Nikki ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីពិព័រណ៍សម្លៀកបំពាក់មួយ រៀបចំដោយក្រុមនិស្សិត The Mexart កាលពីពេលថ្មីៗកន្លងទៅនេះ។ ដូចដែលប្រិយមិត្តបានដឹងហើយថា ក្រៅពីការច្រៀងជាភាសាជាតិ និងអន្តរជាតិដែលនិពន្ធដោយខ្លួនឯងផ្ទាល់ Nikki Nikki មានភាពលេចធ្លោមួយកម្រិតទៀត លើផ្នែកម៉ូដសម្លៀកបំពាក់។
ម្ចាស់បទ «Home For Dinner» បានលើកយកហេតុផល ៣ ធំៗ ដែលធ្វើឲ្យនាងចាប់ចិត្តស្រលាញ់ Fashion បែបខ្លាំង។
ហេតុផលទី១ នាងបានបញ្ជាក់ថា៖ "ក្រៅពីការនិពន្ធ និងការច្រៀង ខ្ញុំចង់ឲ្យមនុស្សទាំងអស់ចងចាំចម្រៀងរបស់ខ្ញុំ តាមរយៈរូបភាព បុគ្គលិកលក្ខណៈ និងសម្លៀកបំពាក់ដែលជាស្ទីលផ្ទាល់ខ្លួនរបស់ខ្ញុំ”។ ឧទាហរណ៍ដូចជា តារាបរទេសល្បីៗរួមមាន Rihanna Michael Jackson Beyoncé ...សុទ្ធតែមានស្ទីលផ្ទាល់ខ្លួនប្លែកពីគេ។
ចំណែកឯហេតុផលទី២ វិញ ម្ចាស់បទ «សុបិនល្អ» បានឲ្យដឹងថា Fashion គឺមានតម្លៃខ្លាំងណាស់ ដោយសារតែអ្នកច្នៃម៉ូដ បានខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាយ៉ាងយូរទម្រាំចេញជាម៉ូដនីមួយៗរួចរាល់សព្វគ្រប់។ Nikki Nikki ក៏បានបន្តទៀតថា "Fashion គឺជាចំណង់ចំណូលចិត្តផ្ទាល់របស់ខ្ញុំ ព្រោះវាអាចបង្កើនទំនុកចិត្ត ភាពរឹងមាំ អំណាច និងធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាព្រះនាងអីចឹង”។
ងាកមកស្ដាប់ហេតុផលទី៣ វិញ គឺនាងចង់លើកទឹកចិត្តឲ្យអ្នកច្នៃម៉ូដទាំងអស់ បន្តក្តីស្រមៃ ភាពច្នៃប្រឌិតប៉ិនប្រសប់ និងចង់ឲ្យប្រទេសកម្ពុជា ក្លាយជាកន្លែងមួយដែលទូលំទូលាយលើវិស័យច្នៃម៉ូដសម្លៀកបំពាក់៕
ចុចអានបន្ត៖ មកមើលគំនិតច្នៃម៉ូដរបស់កូនខ្មែរ កាន់តែលេចធ្លោមិនចាញ់បរទេស