យល់ចិត្តគេផង! មនុស្សប្រុសក៏មានពេលទន់ខ្សោយដែរ
- 2019-07-24 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ចិត្តគេផង! មនុស្សប្រុសក៏មានពេលទន់ខ្សោយដែរ
មនុស្សប្រុសមិនងាយបង្ហាញអារម្មណ៍អវិជ្ជមានរបស់ខ្លួនចេញក្រៅឡើយ។ ដូចនេះហើយ រាល់ពេលគេជ្រុលបង្ហាញម្ដងៗ តែងធ្វើឲ្យសង្សារធ្លាក់ក្នុងស្ថានភាពភ្ញាក់ផ្អើល ឬពិបាកទទួលយក។ តែសូមចងចាំថា មនុស្សប្រុសក៏ជាមនុស្ស ក៏មានចិត្ត និងបេះដូងដូចយើងដែរ គេមិនអាចរឹងមាំបានរហូតនោះទេ។
ដោយសារតែផ្នត់គំនិតនេះហើយ មនុស្សប្រុសតែងត្រូវលាក់អារម្មណ៍ពិតរបស់ខ្លួនឯង ទាំងមានពេលខ្លះគេហត់នឿយនឹងជីវិតស្ទើរទៅមុខលែងរួច។ ហើយមនុស្សម្នាក់គត់ដែលគេបង្ហាញអារម្មណ៍ពិតជាមួយបានគឺមានតែសង្សារ ឬប្រពន្ធតែប៉ុណ្ណោះ។ តែសូម្បីតែពេលគេចង់បង្ហាញភាពទន់ខ្សោយនេះចេញ ក៏ធ្វើឲ្យគេគិតច្រើន តើគួរឬមិនគួរ ព្រោះគេខ្លាចភាគីម្ខាងទៀតមិនអាចទទួលយកបាន។ អាស្រ័យហេតុនេះ ក្នុងនាមជាមនុស្សពិសេសរបស់គេ គេចង់ឲ្យអ្នកយោគយល់ ក៏ដូចជាជួយចែករំលែក ទោះតិចក្ដី ច្រើនក្ដី។ ការលើកទឹកចិត្តបន្តិចបន្តួចនេះ អាចជួយឲ្យគេ មានទឹកចិត្តបន្តទៅមុខទៀត ទោះបីជាឧបសគ្គនៅតែមាន។ តែទម្ងន់នៅលើស្មារគេនោះ អាចស្រាកស្រាន្តបានមួយភាគ ដោយសារតែការចេះចែករំលែករបស់យើង។
មនុស្សស្រីស្រក់ទឹកភ្នែក អាចធ្វើឲ្យមនុស្សប្រុសទន់ចិត្ត តែនៅពេលមនុស្សប្រុសស្រក់ទឹកភ្នែក មានន័យថានៅក្នុងរបស់គេបានខ្ទេចខ្ទាំដល់ថ្នាក់ទ្រាំលែងរួចហើយ ទើបគេបណ្ដាយមួយគ្រាបែបនេះ។ ដោយសារតែមិនហ៊ានបើកចិត្តមុន ដូចនេះ ក្នុងនាមជាសង្សារ ឬប្រពន្ធល្អ យើងត្រូវជាបើកចិត្តមុន សាកសួរគេ ព្រោះទោះពិបាកខ្លាំង តែក្នុងនាមជាមនុស្សប្រុស គេក៏ពិបាកបើកមាត់ខ្លាំងដែរ៕
ចុចអានបន្ត៖
អ្នកសំណាងធំខ្លាំងណាស់ បើអាចបានបុរសមាន ៧ចំណុចនេះជាគូ
មិនមែនមិនចង់រៀបការទេ តែព្រោះហេតុផល ៥ យ៉ាងនេះ ទើបធ្វើឲ្យស្រីៗគ្មានគូគាប់