ទិនហ្វីធ្វើខួបកំណើតអាយុ ៥៨ឆ្នាំ តែម្នាក់ឯង គ្មានមិត្តរួមការងារណាចូលរួម ជូនពរ
- 2020-06-23 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិនហ្វីធ្វើខួបកំណើតអាយុ ៥៨ឆ្នាំ តែម្នាក់ឯង គ្មានមិត្តរួមការងារណាចូលរួម ជូនពរ
ក្នុងថ្ងៃឈានចូលអាយុថ្មី កំពូលតារាសម្ដែងហុងកុង Stephen Chow នៅតែកណ្ដោចកណ្ដែងដូចឆ្នាំមុនៗ ដោយមិនមែនមិត្តរួមការងារណាជូនពរលោកទាំងអស់ លើកលែងតែ Lin Yun តារាសំណព្វរបស់លោក។
កាលពីថ្ងៃទី ២២ ខែមិថុនាកន្លងទៅនេះ គឺជាថ្ងៃខួបលើកទី ៥៨ឆ្នាំរបស់តារាសម្ដែងជើងចាស់ហុងកុង Stephen Chow។ ខណៈមនុស្សជាច្រើន នៅតែចាំថ្ងៃកំណើតរបស់អាយដលខ្លួននោះ អ្វីដែលសោកស្ដាយនោះគឺ មិត្តរួមការងារហាក់មិនមានអ្នករវីរវល់នឹងលោកឡើយ។ ជាថ្មីម្ដងទៀត ថ្ងៃខួបរបស់ស្ដេចកំប្លែងទិនហ្វី ត្រូវធ្វើឡើងដោយម្នាក់ឯង ទាំងលោកធ្លាប់ជួយឲ្យតារាជាច្រើនបានល្បិឈ្មោះ។
យោងតាមបណ្ដាញព័ត៌មាន Sina គិតដល់ម៉ោង ១២គត់ឆ្លងចូលថ្ងៃថ្មី មានតែតារាសម្ដែងស្រីល្បិឈ្មោះ Lin Yun តែមួយគត់ដែលបង្ហោះសារជូនពរខួបកំណើតតារាអាយុ ៥៨ឆ្នាំរូបនេះ ដោយនាងបង្ហោះរូបកាលពីនៅក្មេងរបស់សិល្បករខាងលើ។
ទស្សនិកជនលាន់មាត់ថា មូលហេតុដែលមានតែតួរឿង នាងមច្ឆា បង្ហោះសារជូនពរនោះគឺ នាងគឺជាតារាដែល កំពូលតារាសម្ដែងនេះលើកកម្ពស់ ទើបនាងមិនចង់ក្លាយជាមនុស្សរមិលគុណ។ យ៉ាងណាក្ដី នៅក្នុងអាជីពរបស់ខ្លួន ទិន ហ្វី បានលើកតម្កើងតារាជាច្រើន យ៉ាងណាក្ដី ក្នុងចំណោមនោះគ្មានអ្នកណានៅរក្សាទំនាក់ទំនងល្អនឹងលោកឡើយ។ Lin Yun ក៏ធ្លាប់ចែករំលែកដែរថា ទោះអាយុខុសគ្នារាប់សិបឆ្នាំក៏ដោយ តែដោយសារតែគ្មានមិត្តភ័ក្ដិ ទើបស្ដេចកំប្លែង តែងតែទូរសព្ទរកនាង រាល់ពេលមានវិបត្តិផ្លូវចិត្ត៕