រៀនបង្កើតក្តីសុខ រៀនញញឹមដោយខ្លួនឯងរាល់ថ្ងៃ តាមវិធីទាំងនេះ
- 2020-12-23 18:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនបង្កើតក្តីសុខ រៀនញញឹមដោយខ្លួនឯងរាល់ថ្ងៃ តាមវិធីទាំងនេះ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់រូបរមែងជួបប្រទះនូវបញ្ហាផ្សេងៗ ទទួលរងសម្ពាធខុសៗគ្នា ជាហេតុធ្វើឲ្យរងនូវឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់ផ្លូវអារម្មណ៍។ ការផ្លាស់ប្តូរទម្លាប់មួយចំនួន អាចនាំមកនូវក្តីសុខសុភមង្គលមកឲ្យខ្លួនឯង។ បន្ថែមពីនេះគួររៀនពីវិធីល្អៗ ដើម្បីបង្កើតភាពសប្បាយរីករាយ មានស្នាមញញឹម ពោរពេញដោយកម្លាំងថាមពលពេញលេញ មិនរារែកនឹងបញ្ហាតូចធំដែលកើតមានចំពោះមុខរាល់ថ្ងៃ។
១. ទុកពេកឲ្យខួរក្បាលបានសម្រាកខ្លះមុនពេលចូលគេង
២. ឆ្លៀតពេលសម្អាតរៀបចំផ្ទះ
ពេលរវល់ជាមួយការងារខាងក្រៅច្រើនពេក អាចធ្វើឲ្យអ្នកមិនសូវមានពេលគ្រប់គ្រាន់ជាមួយនឹងការងារក្នុងផ្ទះ។ ខោអាវមិនទាន់បោកគក់ របស់របររប៉ាត់រប៉ាយ ធូលីកខ្វក់ ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍។ ហេតុនេះគួរឆ្លៀតពេលរៀបចំបន្តិចៗម្តង កាត់បន្ថតការពង្រាយនិងទុកកិច្ចការគរលើគ្នាយូរពេក។ បោសសម្អាត ប្រមែប្រមូលឥវ៉ាន់ដែលមិនប្រើប្រាស់ឬមិនចាំបាច់បោះចោល ក្នុងមួយអាទិត្យម្តង។ នៅពេលដែលផ្ទះសម្បែងមានអនាម័យ ស្រឡះល្អគួរឲ្យចង់រស់នៅ ចិត្តរបស់អ្នកក៏ស្រស់ស្រាយស្រឡះទៅតាមហ្នឹងដែរ។
៣. កត់ត្រាទុកនូវរឿងល្អៗដែលបានកើតឡើងចំពោះអ្នករាល់ថ្ងៃ
បញ្ហាស្មុគស្មាញទុកនៅមួយឡែកសិន ហើយជំនួសមកវិញដោយការផ្តោតអារម្មណ៍លើរឿងរ៉ាវល្អៗដែលបានកើតឡើ្ងចំពោះអ្នក។ កត់ត្រាទុករាល់ថ្ងៃ មុនពេលចូលគេង ប្រៀបបានដូចជាអ្នកកំពុងតែសន្សំគំនិតសុទិដ្ឋិនិយម និងអាចបង្កើតសុភមង្គលឲ្យខ្លួនឯងរៀងរាល់ថ្ងៃ ដោយពុំចាំបាច់ពឹងពាក់លើអ្នកដទៃនោះទេ។
៤. ហាត់ប្រាណ
ការហាត់ប្រាណបញ្ចេញញើស គឺជាវិធីដ៏ល្អដែលអាចជួយកាត់បន្ថយស្រ្តេស ភាពតានតឹងនានា បានយ៉ាងពិតប្រាកដ។ ទោះបីរវល់យ៉ាងណា ក៏ត្រូវមានពេលវេលាសម្រាប់ហាត់ប្រាណនៅផ្ទះ ឬដោយការដើរ រត់ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅកាន់តែល្អ។
៥. ញ៉ាំអាហារឆ្ងាញ់ៗ
ការញ៉ាំអាហារដែលមានជាតិផ្អែម និងមានរសជាតិឆ្ងាញ់ ជាពេលវេលាដែលអ្នកមានក្តីសុខបំផុត។ ថ្វីត្បិតអាហារឆ្ងាញ់ៗមួយចំនួនញ៉ាំច្រើនមិនល្អចំពោះសុខភាព ប៉ុន្តែមិនមែនមានន័យថាត្រូវជៀសឲ្យផុតនោះទេ។ អ្នកអាចញ៉ាំក្នុងបរិមាណសមរម្យល្មម ព្រោះសូម្បីតែរឿងតូចតាចបែបនេះ ក៏អាចធ្វើឲ្យអ្នកសប្បាយរីករាយបានដែរ។
៦. ចំណាយពេលវេលាជាមួយក្រុមគ្រួសារ
ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ជាផ្នែកសំខាន់មួយដែលអាចជួយផ្តល់សុភមង្គល ស្នាមញញឹមសម្រាប់អ្នក។ យ៉ាងណាមិនគួរបណ្តោយឲ្យភាពរវល់នឹងការងារ មានឥទ្ធិពលដាក់គម្លាតឲ្យអ្នកនៅដាច់ឆ្ងាយពីទំនាក់ទំនងក្នុងគ្រួសារដាច់ខាត។ ចំណាយពេលញ៉ាំអាហារជុំគ្នា និយាយលេងជាមួយគ្នា ចែករំលែករឿងរ៉ាវទៅវិញទៅមក បង្កើតអនុស្សាវរីយ៍ល្អៗ។
៧. ផ្តល់អំណោយដល់ខ្លួនឯង
ដើម្បីជាការលើកទឹកចិត្ត ចំពោះលទ្ធផលអ្វីមួយដែលទទួលបានពីការខិតខំប្រឹងប្រែង អ្នកអាចទិញកាដូទុកជាអំណោយសម្រាប់ខ្លួនឯង។ ការធ្វើបែបនេះ អាចជួយអ្នកឲ្យមើលឃើញពីតម្លៃនៃភាពអំណត់តស៊ូ លះបង់ និងមានកម្លាំងចិត្តកាន់តែរឹងមាំ ក្នុងការបន្តដំណើរឆ្ពោះទៅមុខ ប្រកបដោយក្តីរីករាយ។