ស្រ្តី ៣រូប ទាំងស្អាត ទាំងជំនាញខ្ពស់ ចែករំលែកគំនិតជំរុញឲ្យស្រ្តីជឿជាក់ និងជោគជ័យ
- 2021-03-25 00:41:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តី ៣រូប ទាំងស្អាត ទាំងជំនាញខ្ពស់ ចែករំលែកគំនិតជំរុញឲ្យស្រ្តីជឿជាក់ និងជោគជ័យ
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំទ្រស្រ្តីឲ្យចូលរួមគ្រប់វិស័យ និងមានតួនាទីខ្ពស់ៗគ្រប់វិស័យទាំងនៅក្នុងការងារដ្ឋ និងឯកជន។ ទីបំផុតស្ថានភាពស្ត្រីនាពេលបច្ចុប្បន្នក្នុងការចូលរួមសំរេចចិត្ត ក្នុងភាពជាអ្នកដឹកនាំ មានការកើនឡើងគួរកត់សំគាល់ រាប់តាំងពីសង្គមនយោបាយ គណៈគ្រប់គ្រងខេត្ត សហគ្រិន ស្ថាបណ្ណ័ឯកជន។ ដើម្បីជំរុញឲ្យស្រ្តីចូលរួមក្នុងការសម្រេចចិត្ត និងការជឿជាក់លើខ្លួនឯង ឈានទៅសម្រេចការជោគជ័យអ្វីមួយ ស្រ្តី៣រូប ទាំងស្អាត និងជំនាញខ្ពស់ បានចែករំលេកនូវបទពិសោធន៍ ដូចខាងក្រោមនេះ៖
អ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមរៀបចំកម្មវិធីរំដួល បានបង្ហើបគន្លឹះធ្វើឲ្យស្រ្តីរឹងមាំ និងជឿជាក់លើខ្លួនឯងថា ស្រ្តីត្រូវមានសុបិនខ្លួនឯង (គោលដៅ) ហើយប្រកាន់ខ្ជាប់នូវទម្លាប់ចង់ចេះចង់រៀន (ការរៀនសូត្រ) ការតស៊ូ និងភាពអត់ធ្មត់ទើបធ្វើឲ្យយើងសម្រេចនូវអ្វីមួយបាន។ «ស្រ្តីជោគជ័យត្រូវផ្អែកលើចំណេះជំនាញពិតប្រាកដបន្ថែមលើសម្រស់ស្អាតមកពីធម្មជាតិ»។ យ៉ាងណាមិញ អ្នកស្រី រត្ថា បញ្ជាក់មានតែសម្រស់មួយមុខក៏មិនជោគជ័យដែរ អ្វីដែលសំខាន់គឺចំណេះជំនាញពិតប្រាកដ។
អ្នកស្រី អាន ធីតា នាយិកាគ្រប់គ្រងក្នុងក្រុមហ៊ុន CBRE ដែលប្រិយមិត្ត Sabay មួយចំនួនធ្លាប់ស្គាល់ថា ជានារីឆ្នើមមួយរូបផ្លាស់ប្ដូរពីស្រ្តីរោងចក្រ ក្លាយជាអ្នកគ្រប់គ្រង ឈរឈ្មោះបោះសំឡេងខ្លាំងក្នុងសង្គម បានបង្ហើបគន្លឹះជោគជ័យថា ស្រ្តីទាំងឡាយចង់ជោគជ័យ ផ្ដើមពីការជឿជាក់លើខ្លួនឯងជាមុនសិន និងការបណ្ដុះគំនិតបង្កើតភាពជាឯករាជ្យសេដ្ឋកិច្ចខ្លួនឯង។
«ចង់ក្លាយជាស្រ្តីជឿជាក់ និងឯករាជ្យសេដ្ឋកិច្ចខ្លួនឯង ស្រ្តីត្រូវតែហ៊ានជំនះ ហ៊ានដើរកាត់ព្យុះភ្លៀង ហើយធ្វើការឲ្យបានច្រើន កាន់តែរឹងមាំ។ ធ្វើយ៉ាងណាឲ្យខ្លួនឯងរឹងមាំ។ បន្ថែមលើនេះ យើងត្រូវមានភាពអត់ធ្មត់ តស៊ូ ស្មោះត្រង់ និងការព្យាយាម រួមទាំងការស្វែងរកការជ្រោមជ្រែងពីមនុស្សនៅជុំវិញខ្លួន នឹងធ្វើឲ្យយើងជោគជ័យ»។ អ្នកស្រី អាន ធីតា និយាយបែបនេះ នៅក្នុងកម្មវិធី «កៅអីក្ដៅ» នាពេលកន្លងមក។
លោកស្រី ហ៊ុន ចិន្តា ស្ថាបនិកសណ្ឋាគារមិត្តតូ ក្រុមហ៊ុន Re-Edge Architecture & Design ហាង Luna Salon និងជាអនុប្រធានប្រតិបត្តិ JCI Mekong ធ្លាប់បានលើកឡើងដែរថា «ខ្ញុំជឿជាក់ថា ភាពជោគជ័យមានច្រើនរូបភាពតាមការចង់បានរបស់មនុស្សផ្សេងៗគ្នា តែភាគច្រើនយើងមើលឃើញ គឺការងារល្អ មានប្រាក់ចំណូលច្រើន មានជីវិតរីករាយនេះឯង។ សម្រាប់ខ្ញុំផ្ទាល់ វាគឺជាតុល្យភាពរវាងជីវិតឯកជន និងការងារ ត្រូវតែឲ្យល្អព្រមគ្នា។ ដូច្នេះហើយខ្ញុំឲ្យនិយមន័យជោគជ័យនេះ លើការចេះរៀបចំជីវិតខ្លួនឯងបានល្អ»៕
តើប្រិយមិត្តមានគន្លឹះអ្វីបន្ថែមទៀត ដើម្បីជំរុញលើកទឹកចិត្តស្រ្តីឲ្យជឿជាក់ខ្លួនឯង និងការសម្រេចបាននូវភាពជោគជ័យ ក្នុងជីវិត?