ខ្ញុំស្ងប់ស្ងាត់មិននិយាយ មិនមែនមានន័យថាល្ងង់នោះទេ តែជាការផ្ដល់តម្លៃឲ្យអ្នក
- 2021-04-23 22:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុំស្ងប់ស្ងាត់មិននិយាយ មិនមែនមានន័យថាល្ងង់នោះទេ តែជាការផ្ដល់តម្លៃឲ្យអ្នក
ខ្ញុំតែងតែនៅក្បែរអ្នក ឲ្យពេលទៅអ្នក គិតពីអ្នក ទាំងពេលខ្លះខ្ញុំមានអារម្មណ៍ថាតែម្ខាងក៏ដោយ។ មិនមែនខ្ញុំមិនចេះខឹង មិនចេះអន់ចិត្តនោះទេ តែមកពីខ្ញុំឲ្យតម្លៃទៅលើអ្នក ចង់នៅជាមួយអ្នក។
១. រឿងជាច្រើនដែលខ្ញុំមិននិយាយមិនមែនមានន័យថាខ្ញុំមិនដឹងនោះទេ
មានរឿងជាច្រើនដែលខ្ញុំបានដឹងពីអ្នក ខ្ញុំមិនមែនឮតាមតែគេនោះទេ តែខ្ញុំឃើញខ្ញុំស្គាល់ច្បាស់ពីអ្នក។ មិត្តភក្តិក៏ដោយ សង្សារក៏ដោយ បងប្អូនក៏ដោយគឺខ្ញុំសុទ្ធតែទទួលដឹងឮទាំងអស់ គ្រាន់តែរឿងខ្លះខ្ញុំមិននិយាយត្រង់ៗ ឬជីកឬសជីកគល់ ដោយសារចេះតែយល់មុខ យល់មិត្តភាព និងយល់មនោសញ្ចេតនាដែលមានតែប៉ុណ្ណោះ។ ពេលខ្លះខ្ញុំក៏ចង់ចាំមើលថាតើអ្នកអាចកែប្រែវាបានដែរអត់ បើសិនជាគ្មានអ្នកបកស្បែកមុខអ្នក។ ខ្ញុំក៏ចង់ដឹងថាអ្នកចេះភ្ញាក់រលឹកទេ ឬក៏មានអារម្មណ៍ខ្មាសខ្លួនឯងទេនៅពេលអ្នកបោកប្រាស់ ដើរខ្សែលើ ឬក៏ក្បត់មនុស្សដែលខ្ញុំជឿជាក់អ្នក ស្រឡាញ់អ្នកនោះ។ មិត្តភក្តិខ្លះដើរជាមួយគ្នារាប់ឆ្នាំមិនអីសោះ គ្រាន់តែឃើញខ្ញុំបានការងារ បានប្រាក់ខែគ្រាន់បើ និងរៀបចំខ្លួនស្អាតជាងមុន ក៏ចាប់ផ្ដើមមានកូនចិត្តច្រណែនខ្ញុំ ហើយប្រើចរិតពស់វែកជាមួយខ្ញុំ នេះខ្ញុំនិយាយឲ្យចំតែម្ដងទៅ។ សង្សារដែលខ្ញុំស្រឡាញ់ ក្បត់ខ្ញុំមានស្រីផ្សេង ខ្ញុំដឹងទាំងអស់ តែខ្ញុំមិនចង់ឈ្លោះ ហើយចាំមើលគេកុហកខ្ញុំអីបន្តទៀតតែប៉ុណ្ណោះ។ សុំចិត្តណា សុំកុំគិតថាមនុស្សទាំងអស់សុទ្ធតែល្ងង់ជាងអ្នក មិនដឹងខ្យល់អីទាំងអស់នោះ។
២. អ្នកមានរឿងលាក់បាំងខ្ញុំ តែខ្ញុំមិនចង់ប្រើវាទៅលើអ្នកវិញនោះទេ
អ្នកធ្លាប់ប្រាប់ខ្ញុំថាអ្នកស្អប់មនុស្សកុហក មនុស្សលាក់បាំងណាស់ តែចុងក្រោយអ្នកគឺជាអ្នកកុហកខ្ញុំ អ្នកគឺជាអ្នកលាក់បាំងខ្ញុំ។ ខ្ញុំមិនដែលនិយាយថាខ្ញុំស្អប់អ្នកកុហកអីនោះទេ តែខ្ញុំមិនប្រព្រឹត្តវាតែម្ដង។ ខ្ញុំសុខចិត្តស្ដាប់ពាក្យដែលអ្នកកុហកខ្ញុំ តែខ្ញុំមិនដែលកុហកអ្នកនោះទេ។
តែខ្ញុំសូមផ្ដាំអ្នករឿងមួយណា ថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយនូវទង្វើដែលអ្នកធ្វើមកលើខ្ញុំ ព្រោះខ្ញុំមិនមែនព្រះ អាចទ្រាំធ្វើល្ងង់រហូតនោះទេ។ មិនយូរទេខ្ញុំនឹងហត់ ហើយខ្ញុំនឹងដើរចេញខ្លួនឯងយ៉ាងពេញចិត្តបំផុត មិនថាស្នេហា មិនថា មិត្តភាពឡើយ៕