ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយកំពុងបំបៅកូនតូចគួរធ្វើរឿងទាំងនេះ បើអ្នកឆ្លងជំងឺកូវីដ
- 2021-07-08 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយកំពុងបំបៅកូនតូចគួរធ្វើរឿងទាំងនេះ បើអ្នកឆ្លងជំងឺកូវីដ
វត្តមាននៃជំងឺកូវីដ ១៩ នៅតែមិនទាន់ធូរស្បើយ យើងទាំងអស់គ្នាកំពុងបន្តការរស់នៅតាមបែបរក្សាគម្លាតសង្គម និងការបង្កើនអនាម័យខ្ពស់។ ស្ត្រីមានផ្ទៃពោះ គឺក្រុមដែលត្រូវប្រយ័ត្នប្រយែងខ្ពស់បំផុត ក្នុងដំណាក់កាលនេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ និងពិបាកក្នុងការចេញក្រៅជួបពេទ្យញឹកញាប់ផងដែរ។
មានសំណួរពេញនិយមចំនួន២ អំពីស្ថានភាពនៃជំងឺកូវីដ និងស្ត្រីមានផ្ទៃពោះ។ ខាងក្រោមនេះ គឺជាសំណួរ រួមនឹងចម្លើយបកស្រាយតាមរយៈអត្ថបទផ្សព្វផ្សាយរបស់អង្គការ យូនីសេហ្វ ដូចតទៅ៖
តើស្ត្រីមានផ្ទៃពោះអាចចម្លងវីរុសកូរ៉ូណាទៅកូនក្នុងផ្ទៃដែរឬទេ?
នៅពេលនេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកំណត់ថាវីរុសនេះត្រូវបានចម្លងពីម្តាយទៅកូនក្នុងកំឡុងពេលមានផ្ទៃពោះ ឬមានផលប៉ះពាល់ជាសក្តានុពលដែលអាចកើតមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងត្រូវបានស្រាវជ្រាវនៅពេលបច្ចុប្បន្ន។ ស្ត្រីមានផ្ទៃពោះគួរតែបន្តអនុវត្តតាមវិធីបង្ការសមស្របដើម្បីការពារខ្លួនពីការប៉ះពាល់នឹងវីរុស ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលាប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។
តើម្តាយអាចបំបៅដោះកូនបានដែរឬទេ ប្រសិនបើគាត់បានឆ្លងវីរុសនេះ?
ម្តាយទាំងអស់ដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យ ហើយដែលកើតមានរោគសញ្ញាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម គួរតែស្វែងរកការព្យាបាល ឱ្យបានឆាប់រហ័ស និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។ ដោយគិតពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងការមិនសូវចម្លងវីរុសផ្លូវដង្ហើមផ្សេងៗដោយសារទឹកដោះម្តាយ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។
ចំពោះម្តាយដែលមានរោគសញ្ញាហើយ តែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ការពាក់ម៉ាសនៅពេលស្ថិតនៅក្បែរកូន (រួមទាំងពេលបំបៅដោះកូន) លាងដៃមុន និងក្រោយពេលប៉ះពាល់កូន (រាប់បញ្ចូលទាំងការបំបៅដោះ) និងការសម្អាត/ការសម្លាប់វីរុសលើផ្ទៃដែលកខ្វក់ ដែលវិធីបង្ការនេះគួរតែត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកណាម្នាក់ដែលត្រូវបានបញ្ជាក់ឬសង្ស័យថាមានឆ្លងវីរុស COVID-19 ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមទាំងចំពោះកុមារផងដែរ។
ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរ គាត់គួរតែត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវ និង/ឬ ស្លាបព្រាស្អាតវិញ ខណៈពេលដែលត្រូវតែបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល ។
ប្រភព៖ អង្គការយូនីសេហ្វ