ក្រោយរៀបការ បើប្តីប្រពន្ធលែងផ្អែមល្ហែមដូចកាលគ្រាជាសង្សារ អាចមកពីកត្តាទាំងនេះ
- 2022-02-25 20:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរៀបការ បើប្តីប្រពន្ធលែងផ្អែមល្ហែមដូចកាលគ្រាជាសង្សារ អាចមកពីកត្តាទាំងនេះ
ក្រោយរៀបការ គូស្វាមី ភរិយាជាច្រើនតែងតែមិនសូវសប្បាយចិត្តដូចការរំពឹងទុក ដោយសារទំនាក់ទំនងរបស់ពួកគេហាក់មិនសូវល្អ ។ ទាំងនោះ អាចមកពីបញ្ហាខាងក្រោម៖
១. មិនគោរពសិទ្ធឯកជនរបស់បុគ្គលម្នាក់ៗ
នៅពេលប្រពន្ធតែងតែព្យាយាមចង់ឆែកឆេរទូរសព្ទប្តី ចង់ដឹងថាគេបានទៅកន្លែងណា ជាមួយនរណា និងធ្វើអ្វីខ្លះ គឺសកម្មភាពទាំងនេះនឹងធ្វើឲ្យប្តីមានអារម្មណ៍ថា ប្រពន្ធមិនបានជឿជាក់លើគាត់ និងមិនគោរពសិទ្ធឯកជនផងដែរ។ ក្នុងជីវិតគូ ការឲ្យពេលវេលា និងគម្លាតគ្រប់គ្រាន់ គឺជាការបង្ហាញថា អ្នកបានយកចិត្តទុកដាក់ពីសិទ្ធឯកជនរបស់គ្នា។
២. លែងផ្តល់ភាពចាប់អារម្មណ៍ចំពោះគ្នាដូចមុន
ភរិយាជាច្រើនតែងដាក់ចម្ងល់ថា ហេតុអីក្រោយរៀបការ ស្វាមីមិនសូវខ្វល់ដូចកាលនៅជាសង្សារ? គ្រប់យ៉ាងផ្លាស់ប្តូរស្ទើរ១៨០ដឺក្រេ។ ស្វាមីមិនកាន់ដៃដូចមុន មិនឱប មិនថើប ហើយពេលថ្ងៃឈប់សម្រាក គាត់ក៏មិនចាប់អារម្មណ៍នាំទៅដើរលេង ឬថ្ងៃពិសេស គ្មានសូម្បីកាដូ ឬការជូនពរបន្តិចបន្តួច។ នេះគឺជារឿងធំសម្រាប់ដៃគូ ដែលមិនអាចមើលរំលងបាន។
៣. ការជជែកគ្នាកាន់តែតិច
រឿងសំខាន់បំផុតក្នុងទំនាក់ទំនងស្នេហា គឺការទំនាក់ទំនង។ បើមិនជជែកគ្នា តើអ្នកអាចប្រាប់ពីអ្វីដែលគាត់កំពុងគិតបានឬទេ? ហើយប្រសិនបើអ្នកមិនប្រាប់គាត់ តើគាត់ដឹងដោយរបៀបណា? ក្នុងជីវិតរៀបការ ប្តីនិងប្រពន្ធ ជជែកគ្នាតិចពេក នឹងធ្វើឲ្យអារម្មណ៍របស់ម្នាក់ៗរសាត់ចេញពីគ្នាមិនខាន។
៤. មិនពេញចិត្តការរួមចំណែករបស់ភាគីម្ខាងទៀត
គ្រួសារខ្លះយល់ថា ការងារផ្ទះជាភារកិច្ចរបស់មនុស្សស្រី ចំណែករឿងរកលុយជាភារកិច្ចរបស់មនុស្សប្រុស។ តាមពិត ជាមិនដូច្នេះទេ ហេតុនេះមិនថាប្តី ឬប្រពន្ធ បើមានធុរៈអ្វីអាចជួយគ្នាបាន គួរតែជួយ។ តែបើម្នាក់ទៀតគិតតែភារកិច្ចរបស់ខ្លួន នោះគ្រួសារក៏គ្មានបានសុខដែរ៕