តិចនិចរកសេចក្តីសុខងាយៗ ឲ្យខ្លួនឯងដែលគ្រប់គ្នាអាចរកបានទោះកំពុងជួបការឈឺចាប់

  • 2022-07-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើនមនុស្សដែលកំពុងតែជួបរឿងឈឺចាប់ ក្នុងបញ្ហាអ្វីមួយ មិនថាការលំបាកក្នុងជីវិត ស្នេហា ការងារ និងបញ្ហាហិរញ្ញវត្ថុជាដើម។ មានមនុស្សខ្លះ គឺមិនអាចបំបែកខ្លួនរបស់គាត់ចេញពីបញ្ហាសិនបានឡើយ ដើម្បីរកវិធីដោះស្រាយ និងដំណោះស្រាយ។ ឬពេលខ្លះអាចគេចវេសក៏មាន នឹងបែបជាទៅគិតរឿងដែលងងឺតនៅក្នុងអារម្មណ៍ ក្នុងជីវិត ធ្វើឲ្យខ្លួនឯងកាន់តែលង់ទៅក្នុងការឈឺចាប់បន្ថែមទៀតដកមិនរួច ឈានដល់ការបាក់ទឹកចិត្តធ្វើអីលែងបាន ហើយរហូតដល់ចង់បញ្ចប់ជីវិតខ្លួនឯងដើម្បីស្រាយបញ្ហាទៀតក៏មាន។

កញ្ញា សូមលើកទឹកចិត្តអ្នកទាំងអស់គ្នា និងចែកនូវតិចនិចងាយៗ សម្រាប់ការពិចារណាទៅកាន់អ្នកទាំងអស់គ្នា ៤ ចំណុច ងាយៗ គួររកក្តីសុខឲ្យខ្លួនឯងបែបណា បើយើងកំពុងតែជួបរឿងឈឺចាប់ខាងក្រោមមាន៖

១.ដកខ្លួនចេញពីបញ្ហាមួយរយ: ការធ្វើបែបនេះជាវិធីល្អ សម្រាប់អ្នកពិចារណាបញ្ហា និងរកដំណោះស្រាយវា ព្រោះពេលខ្លះយើងនៅឱបរឿងច្រើនពេក មិនព្រមគិតវាដកចេញខ្លះ ក៏គ្មានអ្វីប្រសើរឡើងដែរ អ្នកត្រូវចាំថា…មនុស្សដែលគិតច្រើនពេក គិតគ្រប់រឿង «អ្វីគួរយកចិត្តទុកដាក់» នឹង «អ្វីគួរមើលរំលង អ្វីគួរកាត់វាចោល»។ ដោយសារតែ រឿងខ្លះគិតពីវាច្រើនពេក ទើបជីវិតច្រើនតែគ្មានសេចក្តីសុខ។ ពេលជួបបញ្ហា ចូលគិតរកផ្លូវដោះស្រាយ កុំគិតផ្លូវអាក្រក់ ញញឹមឡើង ដើម្បីផ្តល់ក្តីសង្ឃឹមដល់ជីវិត ទទួលស្គាល់ការពិត ហើយស៊ូបន្តទៀត។ បើអ្នកជាអ្នកធ្វើការអាចនិយាយត្រង់ៗទៅកាន់ប្រធានអ្នក ឬអ្នកគ្រប់គ្រងបញ្ជាក់បញ្ហា ដើម្បីសុំពេលវេលាធ្វើចិត្ត និងដោះស្រាយវា ហើយត្រូវរក្សាទំនាក់ទំនងជាមួយមនុស្សវិជ្ចមានដែលជួយជាកម្លាំងចិត្ត និងផ្តល់យោបល់ឲ្យអ្នកបាន នៅពេលអ្នកត្រូវការ ការលើកទឹកចិត្ត និងយល់ពីអ្នកនូវពេលអ្នកនិយាយ។

២.រៀនលើកទឹកចិត្ត និងឲ្យតម្លៃខ្លួនឯងជានិច្ច កុំចាំអ្នកដទៃ ពេលខ្លះបើសិនជាមានអ្នកណាម្នាក់ មើលមិនឃើញពីតម្លៃរបស់អ្នក មិនឲ្យតម្លៃដល់រូបអ្នក កុំទាន់វិនិច្ជ័យអ្វីចំពោះគេ ឬខ្លួនឯង។ តែក្រឡេកមកមើលខ្លួនឯងជាមុនសិន ជួនកាលវាអាចមកពីអ្នកខ្លួនឯងដែរ? ហេតុអ្វី បែបនេះ? ហើយងាកមកជួសជុលខ្លួនឯង សាងខ្លួនឯង នូវចំណុចខ្វះខាតរបស់ខ្លួនឯង ហើយបំពេញចន្លោះទាំងនោះដើម្បីខ្លួនឯង មិនគួរខឹង ឬអន់ចិត្ត ធ្វើបាបខ្លួនឯង ឬគេ។ តែកែច្នៃខ្លួនឯងឲ្យប្រសើរ ព្រោះការមើលថែខ្លួនឯងគឺជាការយក«អំនាច»របស់ខ្លួនឯងត្រឡប់មកវិញ ចាំទុក នៅពេលដែលអ្នកគិតជាខ្លួនឯងជាងមុន ពូកែជាងមុន ឆ្លាតជាងមុន និង រឹងមាំជាងមុន ស្មោះត្រង់ចំពោះខ្លួនឯងជានិច្ច ចាប់ផ្តើមជឿជាក់លើខ្លួនឯង ពិសេសឲ្យតំលៃ ឲ្យកិត្តយស គោរពខ្លួនឯងហើយរៀនសូត្រអ្វីថ្មីៗ សម្រាប់អភិវ្ឍន្ត៍ខ្លួនឯង ហើយចេះប្រុងប្រយ័ត្នជាមុន មិនបំបាក់ទឹកចិត្តខ្លួនឯង ពេលអ្នកឃើញពីតម្លៃខ្លួនឯង នោះអ្នកនឹងមានក្តីសុខ ពេលអ្នកមានក្តីសុខ នោះលុយនឹងរត់មករកអ្នកជាមិនខាន។ យកការមើលងាយមកធ្វើជាកម្លាំងច្រានអ្នកចាប់គោលដៅ និងក្តីស្រមៃឲ្យក្លាយជាការពិត មានភាពរឹងមាំ អាចរស់នៅឈរបានដោយជើងខ្លួនឯងមានភាពរីករាយ។

៣.កុំយកសម្តីអ្នកដទៃ មកដាក់ក្នុងត្រចៀក ឬចិត្តច្រើនពេក និយាយបែបនេះមិនមែនមិនឲ្យស្តាប់ យោបល់អ្នកដទៃទេ តែស្តាប់ក្នុងន័យវិជ្ចមាន ទោះគេគិតអវិជ្ជមាន មកកាន់អ្នកក៏ដោយ កុំតបតគំនិតអវិជ្ចមាន ឬដោយកំហឹងទៅវិញ រៀនព្រមទទួលខ្លះ ហើយចាំទុកសម្រាប់ខ្លួនឯងថាគោលដៅគេ និងយើងខុសគ្នា គេនិយាយបានគេមិនមែនជាយើង ហើយយើងក៏មិនចង់ក្លាយទៅជាអ្នកណាមួយដែរ ឬជាគេ ហើយរស់នៅ នឹងគួរធ្វើជាខ្លួនឯង ចាំទុក… អ្នកដទៃគេនិយាយអ្វីក៏ដោយវាជារឿង និងជាបញ្ហារបស់គេ វាមិនមែនជាបញ្ហារបស់យើងទេ។ ចូរយកពេលវេលាមកខំធ្វើការ ខំំរកលុយនោះអ្នកនឹងមានលុយកាក អាចយករបស់ដែលចង់បាន ឡាន មានផ្ទះ មានកេរ្តិ៍ឈ្មោះ មានរបស់ក្នុងក្តីស្រម៉ៃរបស់ខ្លួនដែលខ្លួនប្រាថ្នា។ អ្នកដទៃគិតចំពោះយើងបែបណា កុំខ្វល់ កុំចាប់អារម្មណ៍ ព្រោះមិនបានមកជួយឲ្យជីវិតរបស់យើងល្អប្រសើរឡើងនោះទេ។ ពិសេសកុំយកសេចក្តីសុខសុភមង្គលរបស់ខ្លួនទៅផ្ញើលើបបូរមាត់ រឺកែវភ្នែករបស់អ្នកដទៃ ចាំទុកណា…គ្រប់យ៉ាងវាស្ថិតនៅលើខ្លួនយើង លើចិត្តរបស់យើង។

៤.រៀនឯករាជ្យ និងម្ចាស់ការសម្រាប់ខ្លួនឯងជាមុន និងរឹងមាំក្នុងការសម្រេចចិត្ត ផ្លូវដើរនិមួយៗល្អ ឬអាក្រក់ សុខឬទុក្ខ ល្អឬ អាក្រក់វាស្ថិតលើខ្លួនអ្នកតែម្នាក់គត់ ជាអ្នកជ្រើស និងសម្រេចចិត្តដើរ។ ពេលខ្លះអ្នកគួរក្រឡេកមើលអតីតកាលខ្លះ នឹងយកវាមកធ្វើជាពិសោធសម្រេច ពេលបច្ចុប្បន្នថាតើ បានឆ្លងកាត់អ្វីមកខ្លះ ហេតុអីបោះបង់? ហេតុអីត្រូវចុះចាញ់? បើគិតទៅអ្នកបានដើរលើផ្លូវមួយបានឆ្ងាយណាស់មកហើយ ទម្រាំមកដល់ថ្ងៃនេះ ហើយក៏ជំនះឧសបគ្គក្នុងជីវិតមកច្រើនហើយដែរ វានឹងធ្វើឲ្យអ្នកមានកម្លាំង នឹងអ្វីដែលអ្នកកំពុងមាននឹងទទួលបាន ហើយចេះទទួលស្គាល់ការពិត និងឯករាជ្រក្នុងការសម្រេចចិត្តដើរទៅរកគោលដៅដ៏ល្អប្រសើរសម្រាប់ជីវិតអ្នក។ ថែខ្លួនឯងឲ្យល្អមុនគេទើបអ្នកអាចមាន«កំលាំង មានអ្វីៗ»ទៅមើលថែ ទៅជួយ ទៅឲ្យ អ្នកដទៃបានព្រោះយើងមិនអាចឲ្យនៅអ្វីដែលយើងមិនធ្លាប់មាន ទៅអោយអ្នកដទៃបាននោះទេ។ កុំខ្លាចក្នុងការធ្វើរឿងថ្មីៗ កុំបឹទឱកាសជីវិតខ្លួនឯងដោយពាក្យថា « ខ្លាច » នឹងពាក្យថា «ធ្វើមិនបាន» សាកដើរផ្លូវថ្មីខ្លះ ប្តូររសជាតិជីវិតខ្លះ សម្រាប់ជីវិតមួយដែលអាច ជូនដំណើរឲ្យអ្នកបានទៅដល់គោលដៅលឿនជាងមុនក៏ថាបាន ការសាកល្បង បើកឱកាសឲ្យខ្លួនឯងជានិច្ចជារឿងល្អ ព្រោះជីវិតយើងមិនដឹងថាត្រូវស្លាប់ទៅថ្ងៃណានោះទេ ចង់ធ្វើអ្វី ឆាប់ធ្វើទៅ ដើម្បីកុំឲ្យស្តាយក្រោយ ឬមានវិប្បដិសារីដែលមិនបានខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងសាងវាដោយផ្ទាល់ដៃអ្នក។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី