មេរៀនដ៏ឈឺចាប់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ជួបម្តងចាំមួយជីវិត
- 2017-01-31 02:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនដ៏ឈឺចាប់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ជួបម្តងចាំមួយជីវិត
អ្នកណាៗក៏មានអតីតកាលគ្រាន់តែ អតីតកាលរបស់យើងម្នាក់ៗខុសគ្នា អ្នកខ្លះល្អគួរឲ្យចងចាំ ឯអ្នកខ្លះទៀតគួរខ្លាចរអា ចង់បំភ្លេចតែមិនអាចភ្លេចទៅវិញ។ ទោះបីពេលវេលាកន្លងទៅជាច្រើនឆ្នាំហើយក៏ដោយតែរឿងដ៏អាក្រក់នោះនៅតែស្ថិតក្នុងខួរក្បាលខ្ញុំ ហើយវាក៏ជាវិប្បដិសារីយ៉ាងជូរចត់បំផុតក្នុងឆាកជីវិតរបស់ខ្ញុំដែរ។
នៅថ្ងៃទី១៤ កុម្ភៈ មិនថាឆ្នាំណាទេ ទឹកភ្នែកខ្ញុំចាប់ផ្ដើមហូរមកទាំងមិនដឹងខ្លួន ព្រោះនឹកស្ដាយក្រោយនូវទង្វើដែលខ្លួនបានធ្វើកាលពី៦ឆ្នាំមុន។
សំលេងទូរស័ព្ទខ្ញុំរោទ៍នៅប្រហែលម៉ោង ១១យប់ ខ្ញុំកំពុងងងុយ៖
-អាឡូ...ៗៗ ពួកម៉ាកហ្អែងនៅណា? មកកំដរគ្នាផឹកតិចបានហេ?គ្នាកំពុងខូចចិត្ត(សំឡេងមនុស្សប្រុស)
-អាឡូ....អ្នកណាគេហ្នឹង? រកពីណាគេដែរ? សុំទោស យើងច្រឡំលេខហើយ ខ្ញុំមិនមែនពួកម៉ាកយើងទេ ថ្ងៃក្រោយជួយមើលលេខឲ្យច្បាស់ផងមុននឹងខលមកគេ អរគុណជម្រាបលា។ (ខ្ញុំបិទទូរស័ព្ទទាំងមួម៉ៅ)
នៅថ្ងៃបន្ទាប់....
-អាឡូ ស្ដាប់មិនបានមែន ប្រាប់ហើយថាច្រឡំលេខ (លេខដដែលនោះបានខលមកម្ដងទៀត)
-អាឡូ បាទជម្រាបសួរអ្នកនាង កុំទាន់អាលខឹង ខ្ញុំខលទៅនេះគឺចង់សុំទោសរឿងកាលពីយប់មិញ ដែលខលទៅរំខាន។ដោយសារលេខពួកម៉ាកខ្ញុំនិងអ្នកនាងស្រដៀងគ្នាពេកខុសតែក្បាលចឹងបានជាច្រឡំ សូមកុំប្រកាន់ខ្ញុំអីណា!
-អូ...អញ្ចឹងទេហ៎ អត់អីទេចឹង (ខ្ញុំតបទាំងអារម្មណ៍ល្អ)
-ហើយនិយាយចឹង អ្នកនាងឈ្មោះអី?ពួកយើងអាចរាប់អានគ្នាបានទេ?
-ចា៎ បានតា៎ ខ្ញុំឈ្មោះ សុផារីកា ហៅអាកាៗទៅបានហើយចុះបងឈ្មោះអី?
-បាទ បងឈ្មោះ ណារ៉ុង ធ្វើការជាមួយជនជាតិចិន ជាអ្នកបកប្រែ....
មិននឹកស្មានថា ការសន្ទនារវាងខ្ញុំនិងគាត់បានយូរបែបនេះសោះ ទាំងមិនបានតាំងចិត្តសូម្បីបន្តិច។
ពីមួយថ្ងៃទៅមួយថ្ងៃបងណារ៉ុងគាត់តែងតែខលមកលេងមិនដែលលោះថ្ងៃទេ ការរាប់អានរបស់ពួកយើងចេះតែរលូនទៅមុខ ហើយគាត់តែងតែព្យាយាមណាត់ជួបខ្ញុំជារឿយៗ តែខ្ញុំតែងតែបដិសេធជានិច្ច។
តែថ្ងៃមួយពួកយើងក៏បានណាត់ជួបគ្នានៅមុខវិទ្យាល័យរបស់ខ្ញុំ(ជាស៊ីមសាមគ្គី) ។ ការណាត់ជួបដំបូង វាបានបន្សល់ទុកនៅការចងចាំយ៉ាងល្អ ព្រោះតែគាត់មានរូបរាងសង្ហាខ្ពស់ស្រឡះ សម្បុរសណ្ដែកបាយ ញញឹមស្រស់ ជាទីចាប់អារម្មណ៍របស់មនុស្សស្រីក្នុងនោះក៏មានខ្ញុំម្នាក់ដែរ។
បន្ទាប់ពីពួកយើងបានជួបគ្នាហើយខ្ញុំគិតថា ប្រហែលជាគាត់មិនទាក់ទងខ្ញុំទៀតទេព្រោះខ្ញុំជាមនុស្សស្រីមិនពេញលក្ខណៈដូចគេដទៃ(ជើងឆ្វេងខ្ញុំពិការ ដោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីខ្ញុំអាយុ២ឆ្នាំ)។ តែគ្រប់យ៉ាងមិនដូចការគិតទេ គាត់នៅតែរក្សាទំនាក់ទំនងនេះដដែល ទាំងមិនបានរើសអើងរូបរាងរបស់ខ្ញុំ ។
មួយខែក្រោយមក ពួកយើងបានណាត់ជួបគ្នាជាលើកទី២ នៅហាងតែគជ់ក្បែរសាលាដោយសារតែខ្ញុំមិនអាចទៅណាឆ្ងាយបានព្រោះម៉ាក់ជាអ្នកជូនមកសាលា ណាមួយខ្ញុំក៏ពិបាកធ្វើដំណើរដោយថ្មើរជើងទៀត។ វាជាថ្ងៃដែលរំភើបរកអ្វីថ្លែងមិនបាន គាត់បានសារភាពស្នេហ៍មកខ្ញុំថា៖
-រីកា បើបងនិយាយពាក្យក្នុងចិត្តអូនកុំប្រកាន់បងណា ការពិតបងបានលួចស្រលាញ់អូនតាំងពីថ្ងៃដែលយើងបាននិយាយគ្នាតាមទូរស័ព្ទ សំឡេងអូនពីរោះធ្វើឲ្យបងចងចាំគ្មានថ្ងៃភ្លេច
-បងកំពុងលេងសើចហ្នឹងខ្ញុំមែន?(ខ្ញុំសួរទាំងញញឹម)
-បងនិយាយមែនណា ព្រមធ្វើសង្សារបងបានអត់....?
-បងរ៉ុងឯងគួរតែដឹង ថាខ្ញុំមនុស្សស្រីពេញលក្ខណៈ បងឯងមិនខ្មាសគេទេអី? បើមានសង្សារ ដីស្មើរដើររលាក់ចឹង?
-រីកាកុំនិយាយចឹង អូនមិនមែនពិការដើរមិនរួចឯណា? គ្រាន់តែមានដំណើរមិនធម្មតាសោះហ្នឹង ឬមួយអូនមិនស្រលាញ់បង?ទើបយកលេសនេះមកដោះសារ?
ពេលនោះទឹកភ្នែកខ្ញុំបានស្រក់ចុះទាំងមិនដឹងខ្លួន គាត់បានឱបខ្ញុំយ៉ាងណែន ហើយនិយាយទៀតថា៖
-ជឿបងទៅបងថាស្រលាញ់គឺស្រលាញ់ហើយ ឲ្យបងស្បថក៏បានបងគ្មានថ្ងៃក្បត់មនុស្សស្រីល្អដូចអូនទេ
ស្នេហារវាងក្មេងស្រីវ័យ១៩ឆ្នាំ និងបុរសវ័យ២៦បានចាប់ផ្ដើមយ៉ាងឆាប់រហ័ស វាដូចជាសុបិនដែលលង់លក់ទាំងកណ្ដាលថ្ងៃ ព្រោះគ្រួសារទាំងសងខាងមិនបានដឹងពីទំនាក់ទំនងពួកយើងទាំងពីរឡើយ។ អាចនិយាយបានថាវាជាស្នេហាដំបូងរបស់ខ្ញុំ ដោយសារតែមិនមានទំនុកចិត្តលើរូបរាងខ្លួនឯង ទើបមិនហ៊ានទទួលយកការស្រលាញ់ពីអ្នកដទៃ តែអ្វីៗបានផ្លាស់ប្ដូរដោយសារមានការលើកទឹកចិត្ត និងយកចិត្តទុកដាក់របស់គាត់ទើបអាចកែប្រែផ្នត់គំនិតខ្ញុំមួយនេះបាន។
ទិវានៃក្ដីស្រលាញ់ ជាថ្ងៃដែលគូសង្សារគ្រប់គ្នាសើចសប្បាយ តែវាជាថ្ងៃទុក្ខធំបំផុតសម្រាប់ជីវិតខ្ញុំដោយសារការជឿជាក់ ការស្រលាញ់ ខ្ញុំហ៊ានកុហកម៉ាក់ថាទៅរៀនគួរបន្ថែមព្រោះឆ្នាំប្រលង ដើម្បីទទួលការណាត់របស់បងណារ៉ុង។ គាត់មកទទួលខ្ញុំនៅមុខសាលាតាមការណាត់ទុកហើយគាត់បាននាំខ្ញុំទៅត្រើយម្ខាងពួកយើងបានចូលញាំអីនៅហាងមួយ គាត់បានបង្អកស្រាខ្ញុំ ដោយយកលេសថាមិនសប្បាយចិត្តរឿងការងារ ឲ្យខ្ញុំកំដរគាត់។ តាមខ្ញុំចាំម៉ោងប្រហែលជា៣ល្ងាច ខ្ញុំចាប់ផ្ដើមវិលមុខឈឺក្បាល និងងងុយគេង មិនដឹងថាត្រូវរៀបរាប់យ៉ាងណា ប្រហែលដោយសារខ្ញុំស្រវឹងក៏មិនដឹង។
គាត់បានឌុបខ្ញុំចូលសណ្ឋាគារមួយនៅតាមបណ្ដោយផ្លូវនោះដល់បន្ទប់គេង ខ្ញុំសួរគាត់ក្នុងស្ថានភាពស្រវឹង៖
-បងរ៉ុង បងឯងយកអូនមកទីនេះធ្វើអី? អូនចង់ទៅផ្ទះវិញ
គាត់បានថើបនិងលួងលោមខ្ញុំដោយវិធីមនុស្សប្រុស៖
-កា អូនជាមនុស្សទី១របស់បង បងមិនអាចរស់នៅដោយគ្មានអូនបានទេ បងស្រលាញ់អូនខ្លាំងណាស់ អូនឯងដឹងអត់?
-តែអូន ខ្លាច.... កុំខ្លាចអីបងសន្យាក្នុងនាមកូនប្រុសថាមិនបោះបង់អូនចោលជាដាច់ខាត.....
អ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយសារលង់នឹងតណ្ហា ការចង់ដឹងចង់ឮ ចង់សាក ព្រហ្មចារីដែលខ្ញុំខំរក្សាត្រូវបានបាត់បង់ក្នុងរយៈពេលដ៏ខ្លី តែអ្វីដែលហួសចិត្តនឹកស្មានមិនដល់នោះគឺ....សំឡេងទូរស័ព្ទខ្ញុំរោទ៍
-អាឡូម៉ាក់ ខ្ញុំលើកទាំងរងាក់រងើ
-កូនឯងនៅណា ម៉ាក់ខលទៅច្រើនដងហើយតែមិនអាចទាក់ទងបានសោះ នេះម៉ោង៨យប់ហើយ ម៉ាក់ចាំកូននៅមុខសាលាទាំងពីម៉ោង៥ ម៉ាក់សួរមិត្តកូនគ្រប់គ្នាតែគ្មានអ្នកណាឃើញកូនទេ....
(ម៉ាក់និយាយទាំងយំ) ភ្លាមនោះខ្ញុំភាំងមិនដឹងតបម៉ាក់យ៉ាងម៉េច បានត្រឹមតែបិទទូរស័ព្ទព្រោះភ័យមិនដឹងថាត្រូវបកស្រាយយ៉ាងណា?
ក្នុងបន្ទប់ម៉េចស្ងាត់ឈឹងមានតែខ្ញុំ? ចុះឯណា បងរ៉ុង? នេះជាសំណួរដែលគ្មានអ្នកឆ្លើយ ពុទ្ធោព្រះអើយ គាត់ទៅណាបាត់ហើយ? ម៉េចគាត់ទុកខ្ញុំចោលចឹង ខ្ញុំបានព្យាយាមទាក់ទងទៅគាត់
-ទទួលលេខខ្ញុំទៅ ទទួលទៅៗ ហេតុអីមិនលើកលេខខ្ញុំចឹង
ទឹកភ្នែកខ្ញុំហូរឥតឈប់ លេខបន្តដែលខ្ញុំត្រូវខលគឺលេខម៉ាក់៖
-អាឡូ ម៉ាក់...ម៉ាក់នៅណា? ខ្្ញុំខ្លាចណាស់ម៉ាក់ (យំ)
-ស្រីកា ម៉េចបានយំចឹងកូន? ឥលូវកូននៅណា?ហើយមិញម៉េចបិទទូរស័ព្ទចឹងកូន ប្រាប់ម៉ាក់មកចាំម៉ាក់ទៅយកកូន....
-កូនៗ កូននៅ នៅ......សណ្ឋាគារ
សុំទោសម៉ាក់កូនខុសហើយនេះជាប្រយោគចុងក្រោយបន្ទាប់ពីម៉ាក់បានមកទទួលខ្ញុំបាននិយាយរឿងគ្រប់យ៉ាងទាំងទឹកភ្នែកនិងអារម្មណ៍អៀនខ្មាស។ ម៉ាក់បានត្រឹមតែឧបខ្ញុំយំ ហើយពោលថា ៖
-ទោះស្ថិតក្នុងស្ថានភាពបែបណា កូននៅតែជាកូនស្រីដ៏ល្អរបស់ម៉ាក់ជានិច្ច... តោះយើងទៅផ្ទះយប់ហើយកូន ប៉ានិងប្អូនប្រុសកំពុងចាំកូនញាំបាយ។
ទោះបីបច្ចុប្បន្នខ្ញុំមានគ្រួសារនិងកូនប្រុសមួយហើយក៏ដោយតែ វិប្បដិសារីមួយនេះនៅតែអន្ទងជាប់ប្រាណខ្ញុំគ្មានថ្ងៃភ្លេច យ៉ាងណាក៏អរគុណប៉ាម៉ាក់ ដែលបានលើកលែងទោសនូវកំហុសដ៏ធ្ងន់ធ្ងរមួយនេះ និងចុងក្រោយគឺអរគុណសម្រាប់ភក្ដីភាពរបស់បងវិសាលដែលជាស្វាមីនិងឪពុកដ៏ល្អបំផុត អរគុណបងដែលតែងតែលើកទឹកចិត្តនិងមិនប្រកាន់នូវអតីតកាលដ៏ខ្មៅងងឹតរបស់អូន.....។
អ្នកគ្រប់គ្នាអាចគិតថាវាជារឿងប្រឌិតតែវាជារឿងពិតដែលបានកើតឡើងចំពោះខ្ញុំ ហើយក៏សូមផ្ដាំដល់យុវវត្តីកុំត្រាប់តាមខ្ញុំ វាអាចសប្បាយក្នុងពេលខ្លីតែវានិងមានវិប្បដិសារីឲ្យយើងអស់មួយជីវិត៕
សាច់រឿងផ្តល់ដោយ៖ សុផារីកា (ភ្នំពេញ)